(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងថា អាជ្ញាធរខណ្ឌដូនពេញ តែងតែណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវចេះវេចខ្ចប់ ឬទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនត្រូវបញ្ចេញសំរាមមុនពេលដែលឡានសំរាមមកយកនោះទេ បើអាជ្ញាធរចាប់បាន និងមានវិធានការហើយ។
ថ្លែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពេលដែលលោកអភិបាលខណ្ឌ ដឹកនាំក្រុមការងារ ចុះពិនិត្យការបូមលូនៅចំណុចផ្លូវលេខ៨០ កែងផ្លូវព្រះស៊ីសុវត្ថិ ដែលតែងតែទឹកដក់ពេញផ្លូវជាងគេនោះ។
អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្លះនៅខ្វះការយល់ដឹង ពោលដូចជាអ្នកលក់ដូរតាមរទេះ និងតាមចិញ្ចើមផ្លូវមួយចំនួនតូច ដែលតែងតែយកសំរាមមកទុកចោល តាមមាត់លូតែចឹងទៀតនោះ បើទោះបីអាជ្ញាធរខំធ្វើយ៉ាងណាក៏ធ្វើមិនឈ្នះដែរ ត្រូវតែមានការចូលរួមពីប្រពលរដ្ឋក្នុងការចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទើបកាត់បន្ថយការជនលិចផ្លូវពីបញ្ហាជំនន់ទឹកភ្លៀងនេះ។
លោកថា បញ្ហាបោះចោលសំរាម ឬបញ្ចេញសំរាមគ្មានសណ្តាប់ធ្នាប់នោះ អាជ្ញាធរខណ្ឌតែងតែណែនាំឲ្យប្រជាពលរដ្ឋចេះទុកដាក់ឲ្យត្រឹមត្រូវ មិនត្រូវបញ្ចេញពីផ្ទះមុនពេញដែលឡានសំរាមមកយកនោះទេ តែបើណែនាំហើយនៅតែមិនស្តាប់ទេនោះ ពេលអាជ្ញាធរចាប់បាន នឹងមានវិធានការហើយ។ ចំណែកបញ្ហាប្រព័ន្ធ ដែលមានការកកស្ទះនោះ គឺរដ្ឋបាលខណ្ឌដូនពេញដើរស្តារ និងចំណែកលូណាដែលបាក់បែកនោះ នឹងដាក់ថ្មីមានមុខកាត់ធំជាងមុន ដើម្បីរំដោះបញ្ហាជំនន់ទឹកភ្លៀងនេះ។
គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងប្រជាការពារខណ្ឌដូនពេញ ពេលភ្លៀងកំពុងធ្លាក់ជោគជាំ បាននាំគ្នាចេញប្រតិបត្តិការកាយកាកសំណល់ចេញពីមាត់លូដើម្បីឲ្យហូរបានលឿន។
ក្នុងពេលភ្លៀងមួយមេធំ គេឃើញថាតាមមណ្តាផ្លូវមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌដូនពេញតែម្តង ដែលតែងតែលិចខ្លាំងជាងគេនោះ គឺនៅតំបន់ជុំវិញផ្សារកណ្តាល ជុំវិញវត្តភ្នំ និងផ្លូវសុធារស ក្បែរព្រះបរមរាជវាំង បើទោះបីមានប្រព័ន្ធលូហើយ ទឹកនៅតែហូរយឺតដែរ ដោយសារតែសំរាម និងកាកសំណល់ខ្លះដែលហូស្ទះមុខប្រព័ន្ធលូទាំងនោះ។
ជាមួយនិងជំនន់ទឹកភ្លៀងគ្រប់កន្លែង នៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារ ដោយចាត់ជាច្រើនក្រុមចេញទាំងមេឃកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងនោះ ដើរប្រមូល និងរើសសំរាមចេញពីមាត់លូ បង្ហូរទឹកដើម្បីឲ្យទឹកជំនន់លិចផ្លូវទាំងនោះ បានហូរឆាប់រហ័សទៅទន្លេ និងឆាបស្រកបានដំណើរការចរាចរឡើងវិញផងដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ បានកោតសរសើរអាជ្ញាធរខណ្ឌដូនពេញ ដែលតែងតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ជាក់ស្តែងពេលមានមេឃធ្លាក់ភ្លៀងម្តងៗ នោះគេតែងសង្កេតឃើញលោកអភិបាលខណ្ឌ មមាញិកមិនខ្លាចការនឿយហត់ឡើយ គឺបានចេញទាំងកណ្តាលភ្លៀង បញ្ជាឲ្យកម្លាំងប្រជាការពារដើររើសសំរាមចេញពីមាត់លូច ដើម្បីការនាំទឹកចេញឆាប់ស្រកទាន់ពេលនោះ៕