(ភ្នំពេញ)៖ បង្គោលភ្លើងមួយដើមនៅមុខផ្ទះប្រជាពលរដ្ឋត្រូវអគ្គិភ័យឆាប់ឆេះ បន្ទាប់ពីឆ្លងចរន្ដអគ្គិសនី ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ យកបំពុងពន្លត់អគ្គិភ័យបាច់ទាន់ពេល ហើយសមត្ថកិច្ចក៏បន្ថែមនូវឡានទឹកអស់មួយគ្រឿងផងដែរ ដើម្បីជួយអន្ដរាគមន៍ទើបរលត់ទៅវិញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ក្រោយហេតុការណ៍នោះភ្លាមៗ ប្រជាពលរដ្ឋដែលជិតខាង បាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញឡានទឹកទៅជួយអន្ដរាគមន៍ផងដែរ ទើបអគ្គិភ័យឆេះបង្គោលភ្លើងនោះបានរលត់ទៅវិញជាស្ថាពរ។
សេចក្ដីរាយការណ៍បញ្ជាក់ថា គ្រោះអគ្គិភ័យនេះមិនបង្កឲ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែរងការខូចខាតប្រអប់ភ្លើងនៅបង្គោលនោះចំនួន៣ និងដាច់ខ្សែភ្លើងធ្លាក់ចុះក្រោយតែប៉ុណ្ណោះ៕