(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារ បង្កបង្កើនផល នៅតាមបណ្តាខេត្តមួយចំនួន។ ឆ្លៀតក្នុងឱកាសនេះផងដែរលោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំកកោះ ឃុំជ្រាប់ និងឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ចាន់ យុត្ថាន អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ ដែលក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីជាង១៥.០០០ហិកតា។ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមសាងសង់គម្រោងនេះ កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅ ហើយមកដល់ពេលនេះ សម្រេចការងារបានប្រមាណជិត៩០%ហើយ។
បើតាមលោក ចាន់ យុត្ថា ការងារសំខាន់ៗ ដែលក្រសួងបាន និងកំពុងអនុវត្ត រួមមាន៖
- សាងសង់ប្រឡាយមេ១ ខ្សែ ប្រវែង ១៨.៥៤២ ម ( ក្នុងនោះ ផ្នែកក្បាលប្រឡាយមេប្រវែង ២.៥០០ ម ជាប្រឡាយបេតុង )
- ប្រឡាយរង ០៣ ខ្សែ ប្រវែង ៨.២២៤ ម (ក្នុងនោះ ផ្នែកក្បាលប្រឡាយរងប្រវែង ១.៣៥០ ម ជាប្រឡាយបេតុង )
- ប្រឡាយជើងក្អែប (ជាប្រឡាយបេតុងទាំងអស់) ចំនួន២១ខ្សែ មានប្រវែងសរុប១០.៨០០ ម
- ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង ២.៩០៩ ម
- សាងសង់សំណង់សិល្បការតូច ធំ សរុប ចំនួន ៤៤៧ កន្លែង
- ផ្លូវចូលក្រាលគ្រួសក្រហម ០២ ខ្សែ ប្រវែងសរុប ១.០៧៨ ម ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យលទ្ធផលការងារនៅការដ្ឋាន លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «តំបន់នេះជាតំបន់ដីខ្សាច់ ដូចនេះហើយទើបក្រសួងសម្រេច យកការសាងសង់ប្រឡាយជាបេតុង ផ្ទុយទៅវិញ ប្រសិនបើយើងធ្វើប្រឡាយដី វាងាយនឹងហូរច្រោះ ហើយគោករាក់ទៅវិញណាស់។ ការសាងសង់របៀបនេះ យើងត្រូវចំណាយខ្ពស់បន្តិចមែន ប៉ុន្តែវាក៏ធានាបាននូវការប្រើប្រាស់យូរអង្វែងដែរ»។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើបទដ្ឋានបច្ចេកទេស ដើម្បីឲ្យគម្រោងដ៏ធំមួយនេះ ក្លាយជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ជាប្រយោជន៍យូរអង្វែងរបស់បងប្អូនប្រជាកសិករនៅតំបន់នេះ។
ឆ្លើយតបទៅនឹងសំណូមពររបស់លោកមេឃុំជ្រាប់ និងមេឃុំកកោះលោក លឹម គានហោ បានបញ្ជាឲ្យអ្នកបច្ចេកទេសរៀបចំកែសម្រួលស្ពានឆ្លងកាត់ប្រឡាយមេ១កន្លែង និងសាងសង់រង្វង់មូល១កន្លែង ត្រង់ចំណុចប្រសព្វគ្នានៃភ្លឺប្រឡាយមេ៕