(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រកញ្ញា អេនជីឡា បូនីឡា(Angela Bonilla) បន្ទាប់ពីបានអញ្ជើញមកដើរទិញអីវ៉ាន់ នៅហាងPOSH ដែលមានទីតាំងស្ថិតនៅជិតផ្សារទំនើបសូរិយា តាមបណ្តោយ ផ្លូវ១៥៤ នៅយប់មិញនេះ បានអញ្ជើញមកភ្លក្សរសជាតិស្រាក្រហមដ៏ល្បី និងរសជាតិអាហារបារាំងនៅភោជនីយដ្ឋានRed Wine House Restaurant រាជធានីភ្នំពេញ។
កម្មវិធីជប់លៀងអាហារពេលល្ងាច ថ្លែងអំណរគុណជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នេះសហការរៀបចំឡើងដោយហាងPOSH លក់សម្លៀកបំពាក់ កាបូប & ស្បែកជើង នារីដ៏ល្បីតាំងពីឆ្នាំ ២០០៨ និងភោជនីយដ្ឋាន Red Wine House Restaurant ស្ថិតនៅផ្ទះលេខ១២ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានលក់ស្រាក្រហមជាង១០០មុខ និងម្ហូបបារាំងដ៏ល្បីមួយនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាកញ្ញាអេនជីឡា បូនីឡា បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ បានអញ្ជើញមកទស្សនកិច្ច និងធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា ពីថ្ងៃទី១១ដល់២៤ខែកក្កដា ឆ្នាំ២០១៧ ក្នុងគោលបំណងស្វែងយល់អំពីវប្បធម៌ និងការអភិវឌ្ឍរបស់កម្ពុជា។
ក្នុងពិធីស្វាគមទទួលអាហារពេលល្ងាចជូនបវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ នាយប់ថ្ងៃទី២០ ខែកក្កដានេះ លោក លឹម តុង អគ្គនាយកភោជនីយដ្ឋាន Red Wine House បានថ្លែងឱ្យដឹងថា ពិធីជប់លៀងអាហារពេលល្ងាចបានត្រូវប្រារព្ធធ្វើឡើង ដើម្បីថ្លែងអំណរគុណដល់កញ្ញាអេនជីឡា បូនីឡា និង ចង់ឱ្យគាត់បានស្គាល់ និងភ្លក្សរសជាតិស្រាក្រហមដ៏ល្បីនាំចូលពីបណញតាប្រទេសល្បីៗដូចជា ប្រេស៊ីល អាហ្សង់ទីន បារាំង អូស្ត្រាលី ព្រមទាំងបានភ្លក្សរសជាតិអាហារបារាំង ដូចជា Steak សាច់ចៀម សាច់គោជាដើម។
លោកអគ្គនាយកបានបន្ថែមថា«វត្តមានរបស់កញ្ញាអេនជីឡា បូនីឡា បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ គឺជាកិត្តិយស និងមោទនភាពសម្រាប់ប្រទេសកម្ពុជា និងភោជនីយដ្ឋាន Red Wine House ហើយក៏ជាឱកាស បានស្វែងយល់ និងផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក រវាងកម្ពុជានិងអេក្វាឌ័រ»។
កញ្ញា អេនជីឡា បូនីឡា ជាតារាបង្ហាញម៉ូដ និងបានឈ្នះតំណែងបវរកញ្ញាពិភពលោកប្រចាំអេក្វាឌ័រនាឆ្នាំ២០១៣ និងបវរកញ្ញាចក្រវាឡអេក្វាឌ័រនៅឆ្នាំ២០១៥ ហើយឆ្នាំ២០១៦ បានឈ្នះជើងឯកបវរកញ្ញាពិភពលោកនៅឆ្នាំ២០១៦។ កញ្ញ៉ា អាចនិយាយភាសាអេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី, ហើយបច្ចុប្បន្ន នាងកំពុងសិក្សាជំនាញសារពត៌មាននៅសាកលវិទ្យាល័យ Tenica Particular de Loja៕