(ភ្នំពេញ)៖ កូនតុងទីនជាង១០នាក់មកពីខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានផ្ទុះកំហឹងរហូតលើកគ្នាទៅតវ៉ា ដោយស្រែកឡូឡាថែមទាំងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ទាំងយប់ដោយចោទប្រកាន់ថា «តុលាការពុករលួយ រឿងដោះលែងស្ត្រីម្នាក់ដែលឆបោកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក»។
សម្រាប់ការតវ៉ានេះលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកបានទទួលព័ត៌មាន នេះហើយ និងកំពុងសួរនាំបន្តទៀត ហើយបើសិនរកឃើញថា ពួកគេបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងតុលាការនោះ ពួកគេអាចនឹងប្រឈមតាមផ្លូវច្បាប់។ តែយ៉ាងណាក៏ដោយនោះលោក កោ វណ្ឌី ក៏បានបញ្ជាក់ផងដែរ បើសិនជាករណីនេះតូចតាច នោះអាចធ្វើការសម្របសម្រួលគ្នាបាន។
ស្ត្រីឈ្មោះ ម៉េង សុខហៀង ដែលជាកូនតុងទីន បាននិយាយថា កូនតុងទីនដូចគ្នាម្នាក់ឈ្មោះឆាយ គឹមហួយ បានឆបោកជាង២៧ម៉ឺនដុល្លារ តាមរយៈលេងតុនទីនជាច្រើនក្បាលរួមទាំងតុងទីនឈ្មោះខ្មោច (ឈ្មោះអ្នកក្រៅតែដេញយកខ្លួនឯង) ហើយពេលដេញតុងទីនងាប់អស់បានប្រាក់សរុបរួចគេចខ្លួន។ ក្រៅពីជេរតុលាការពុករលួយ តុលាការភ្នែកម្នាស់ មើលងាយច្បាប់…អ្នកមកតវ៉ា អះអាងថា មានភស្តុតាងគ្រប់គ្រាន់ មានទាំងឃ្លីបសារភាពរបស់ជនសង្ស័យ តែតុលាការធ្វើអីអត់កើត។
បន្ទាប់ពីស្រែកតវ៉ាដល់ស្អកក ស្ត្រីម្នាក់បានប្រកាសថា នឹងហៅប្រជាជនមក៥០០ទៅ៦០០នាក់ មកជួបជុំមុខតុលាការទៀត។ គួរបញ្ជាក់ថា អ្នកលេងតុងទីនរាប់រយនាក់ ធ្លាប់មកតវ៉ាមុខ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ម្តងរួចមកហើយបន្ទាប់ពីលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចអនុញ្ញាតិឲ្យស្ត្រីឈ្មោះ ឆាយ គឹមហួយ នៅក្រោឃុំ តែនឹងធ្វើការតាមដានបន្តទៀត។
ស្ត្រីឈ្មោះ ម៉េង សុខហៀង តំណាងអ្នកលេងតុងទីន បានរៀបរាប់ថា ស្ត្រីឆបោក រូបនេះបានចុះឈ្មោះលេងតុងទីន ក្នុងមានខ្សែទី១-តម្លៃ៣០០ដុល្លារ ចុះឈ្មោះលេងប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន៤០.៥០០ ដុល្លារ , ខ្សែរទី២-តម្លៃ ២០០ដុល្លារ ចុះឈ្មោះលេងចំនួន ប្រាំក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៦២០.០០ដុល្លារ , ខ្សែរទី៣- តម្លៃ៥០ដុល្លារ ចុះឈ្មោះលេង ចំនួនប្រាំក្បាល ស្មើនឹងប្រាក់ ចំនួន៧៥០ដុល្លារ, ខ្សែទី៤- តម្លៃ១០ដុល្លារ ចុះឈ្មោះលេងចំនួន២០ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន៤៨.៨០០ដុល្លារ. ខ្សែទី៥-តម្លៃ ១០ដុល្លារ ចុះឈ្មោះលេង ចំនួន១៥ក្បាល ស្មើនឹងទឹកប្រាក់ ចំនួន ៧០.៣០០ដុល្លារ និងខ្សែទី៦-តម្លៃ ប្រាំម៉ឺនរៀល ចុះឈ្មោះលេង ចំនួន ១០ក្បាល ស្មើនឹងទឹកប្រាក់ ៤៣.២៥០ ដុល្លារ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងពាក់កណ្តាល ឆ្នាំ២០១៦ ស្ត្រីឈ្មោះ ម៉េង សុខហៀង បានរៀបចំប្រមូលគ្នា លេងតុងទីន ក្នងឈ្មោះ ឆាយ គឹមហួយ បានសុំចុះឈ្មោះលេង រួមលេងតុងទីនចំនួន៦ខ្សែ ដោយដាក់ឈ្មោះ ខ្មោចជាច្រើននាក់ បន្ទាប់មកបានដេញយកទាំងអស់ រួចមិនទទួលខុសត្រូវ ដែលមានទឹកប្រាក់ សរុបប្រមាណ ២៦៥.៦០០ ដុល្លារ ទើបប្តឹងទៅកាន់ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់ការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែរឿងដោះលែង ជាឆន្ទានុសិទ្ធិរបស់តុលាការ៕