(ភ្នំពេញ)៖ បន្ទាប់ពីព្រះសង្ឃ ប៊ុត ប៊ុនតិញ បានប្រកាសនៅក្នុងវិទ្យុអាស៊ីសេរីផ្សាយយប់មិញថា រឿងជំពាក់លុយថ្លៃបបរ ពេលធ្វើបុណ្យសពគម្រប់ខួបមួយឆ្នាំ របស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ព្រះតេជគុណមិនទាន់ជឿលើការចំណាយផ្សេងៗ និងជំពាក់ថ្លៃបបរប្រមាណ៧៨០០ដុល្លារ, ព្រះតេជគុណ បានលើកឡើងថា រឿងជំពាក់ប្រាក់គេនេះមិនមែនជារឿងទីមួយទេ ព្រោះកាលពីពេលធ្វើបុណ្យ១០០ថ្ងៃ ក៏ជំពាក់គេដែរ ហើយព្រះតេជគុណបានលើកឡើង អំពីតុល្យភាពនៃការចូលបច្ច័យបុណ្យ និងទូទាត់ថ្លៃបបរ និងចំណាយផ្សេងៗ, ប៉ុន្តែសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី ដែលជាអ្នករៀបចំពិធីបុណ្យដោយផ្ទាល់ ទាត់ចោលនិងបានថ្លែងថា អ្នកដែលមិនបានចូលរួមចាត់ចែង មិនដឹងកុំចេះតែថា។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២០ ខែកក្កដា យ៉ាងដូច្នេះថា «អាត្មាវិភាគរឿងបបរនៅភ្នំពេញ អស់រាប់រយខ្ទះ ព្រោះបុណ្យ៣ថ្ងៃ ហេតុអីបានអស់តែ១៨,០០០ដុល្លារ ដល់ពេលទៅខេត្តតាកែវ បុណ្យមួយល្ងាច និងមួយព្រឹកអស់១៨,០០០ដុល្លារដែរ ចំនួនមនុស្សតិច ចឹងបានអាត្មាថារបៀបបូកលេខបុណ្យហ្នឹងគេបូកយ៉ាងមិច ដែលវាបានខាតសំបើមម្ល៉េះ។ ដោយឡែកបុណ្យមួយឆ្នាំអាត្មាធ្វើការស្មានត្រួសៗ ព្រោះអាត្មាបញ្ជូន ព្រះតេជព្រះសង្ឃទៅ៥-៦អង្គដែរ ដើម្បីឲ្យទៅតាមដានមើលទិដ្ឋភាព និងចំនួនមនុស្ស ការវិភាគទូទៅមិនតិចជាង៦,០០០នាក់ទេ ហើយបើ៦,០០០នាក់ ទៅចូលរួមបុណ្យលោកឧត្តមបណ្ឌិត កែម ឡី ក្នុងម្នាក់ស្មានជាមធ្យមមិនតិចជាង៣ដុល្លារទេ បើ៣ដុល្លារគុណ៦,០០០ វាស្មើនឹង១៨,០០០ដុល្លារ ហើយបើម្នាក់៥ដុល្លារគុណ៦,០០០នាក់ វាស្មើនឹង៣០,០០០ដុល្លារ ហើយ៣០,០០០ដុល្លារ បបរ៩៥ខ្ទះ យើងយកមកទូទាត់វាអត់ខាតទេគឺសល់ទៀតប្រាក់ហ្នឹង។ ហើយបើយើងគិតថារោង វាមិនលើសពីមួយកង់២០ម៉ឺននោះទេ ហើយជួលប៉ុន្មានរយកង់ ក្នុងមួយថ្ងៃមួយល្ងាច ឬបើរោងផងអីផង អាចថា៥០ដុល្លារ ហើយ៥០ដុល្លារប៉ុន្មានរយកង់ បានថាទៅជំពាក់លុយគេ»។
ជុំវិញបញ្ហានេះលោក កែម រិទ្ធីសិទ្ធ ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី បានថ្លែងប្រតិកម្មតបទៅវិញយ៉ាងដូច្នេះថា «រឿងជំពាក់ថ្លៃបបរ អ្នកផ្សេងមិនដឹងកុំចេះតែថា ខ្ញុំជាអ្នករៀបចំផ្ទាល់ដឹងពីការចំណាយផ្សេងៗដូចជា៖ បបរចំណាយរហូតដល់១១៤ខ្ទះ មិនមែន៩៥ខ្ទះ ដូចការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ទេ ចំណែកបាយចំណាយអស់៦តុទៀត។ ព្រះសង្ឃនិមន្តតែជាង៥០អង្គ ប៉ុន្តែពេលនិមន្តមកជាង១០០អង្គ នេះជាចំណុចមួយចំនួនប៉ុណ្ណោះមានការចំណាយផ្សេងៗ ជាច្រើនទៀតផងដែរ។ ចំណែកការចូលបច្ច័យរបស់បងប្អូនប្រជាពលរដ្ឋវិញមាន ខ្លះចូល៣០០០រៀល, ៤០០០រៀល និងខ្លះ៥០០០រៀល មិនមែន៣ដុល្លារដូច ការលើកឡើងរបស់ព្រះតេជគុណនោះទេ យើងមានបញ្ជីកត់ឈ្មោះអ្នកចូលរួមបុណ្យ»។
បើតាមប្អូនប្រុសលោក កែម ឡី រូបនេះបានបន្តទៀតថា ការចំណាយផ្សេងទៀតនោះត្រូវធ្វើឡើង ចំពោះក្រុមសន្តិសុខដែលម្នាក់ៗមានចំនួនពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ព្រមទាំងការចំណាយលើថ្លៃមេក្រូ និងថ្លៃរោងជាដើម។
លោក កែម រិទ្ធីសិទ្ធ បានបន្តលើកឡើងថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិនបាននិមន្តមកចូលរួមបុណ្យខួបគម្រប់មួយឆ្នាំទេ ដូច្នេះមិនបានដឹងច្បាស់អំពីការរៀបចំ និងការ ចំណាយទេ អញ្ជឹងកុំចេះតែថា។ ចំណែកថវិកាមួយម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានសន្តានចិត្តចូលបុណ្យ, លោកបាន ចាត់ចែងសងគេហើយ។ លោក កែម រិទ្ធីសិទ្ធ បានអះអាងថា ការទទួលទានបច្ច័យយើងមិនប្រកាន់បក្សខាងណានោះទេ ប្រសិនបើយើងប្រកាន់បក្សនោះ យើងមិនមែនជាអ្នកធ្វើបុណ្យទេ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់បុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី។ ការប្រកាសចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់ លោក កែម ឡី ប្រកាសខ្វះខាតថវិកាចំណាយថ្លៃបបរ និងចំណាយផ្សេងៗ ៧,៨០០ដុល្លារ។ ការចូលបុណ្យរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News យកទៅប្រគល់ដល់ដៃដោយផ្ទាល់ជូន លោក កែម រិទ្ធិសិទ្ធ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ បានប្រកាសតាមអង្គភាពព័ត៌មាន Fresh News ថា ក្រោយពិធីបុណ្យសពគម្រប់ខួប១ឆ្នាំ បងប្រុសរបស់លោកហើយ គ្រួសារបស់លោកបានជំពាក់ថ្លៃបបរ និង ចំណាយផ្សេងៗរហូតដល់ទៅ ៧,៨០០ដុល្លារ។ លោក កែម រិទ្ធិសិទ្ធ ជួសមុខឲ្យក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជន និងអ្នកស្រឡាញ់គោរពលោក កែម ឡី ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ដើម្បីទូទាត់ថ្លៃចំណាយ ផ្សេងៗ ដែលក្រុមគ្រួសារលោកកំពុងជំពាក់គេនេះ។
ក្រោយទទួលបានការអំពាវនាវរបស់លោក កែម រិទ្ធិសិទ្ធ ភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអាណិតអាសូរចំពោះក្រុមគ្រួសារសពលោក កែម ឡី ហើយក៏បានប្រកាសចូលបច្ច័យជាថវិកា១ម៉ឺនដុល្លារ សម្រាប់យកទៅទូទាត់សងថ្លៃជំពាក់ការចំណាយផ្សេងៗនោះ។
តាំងពីលោក កែម ឡី ទទួលមរណភាព គេតែងបានឃើញមេដឹកនាំគណបក្សប្រឆាំងទៅចូលរួមធ្វើសកម្មភាពក្នុងពិធីបុណ្យ និងកាងយក ផលចំណេញ លើសពថែមទៀតផង។ តែពេលក្រុមគ្រួសារសពរបស់លោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំង ចេញមុខជួយដោះស្រាយនោះឡើយ។
លោក កែម រិទ្ធិសិទ្ធ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានចូលបច្ច័យសម្រាប់ការចំណាយផ្សេងៗ។ លោក កែម រិទ្ធិសិទ្ធ បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមានទឹកចិត្តសណ្តោសប្រណី ទោះបីមិនបានចេញមុខដោយចំហរ តែតែងតាមដានរាល់ទុក្ខលំបាក ក្រុមគ្រួសារលោក ហើយបានចូលបច្ច័យ ដើម្បីដោះស្រាយទុក្ខលំបាកភ្លាមៗ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់ សម្លាប់នៅក្នុងស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតក្នុងខណ្ឌចំការមន។ ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ ដែលធ្វើឡើងនៅផ្ទះកំណើតរបស់លោកក្នុងភូមិអង់តាកុក ឃុំលាចបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គេសង្កេតឃើញមានការអញ្ជើញចូលរួមបុណ្យសពជាច្រើនផង ដែរពីថ្នាក់ដឹកនាំគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយ ដែលស្រឡាញ់ និងគោរពលោក កែម ឡី៕