(មណ្ឌលគិរី)៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកបានចាត់ឲ្យមន្ដ្រីជំនាញ មួយក្រុម រួមមានជាមួយមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះទៅដោះសា្រយជម្លោះរវាងប្រជាពលរដ្ឋនៅសហគមន៍រ៉ែមាសចុងផ្លាស់ និងក្រុមហ៊ុនចិន «រ៉ុងឆេង» ពាក់ព័ន្ធទៅនឹងការធ្វើការអាជីវកម្មរ៉ែមាស រំលោភដែនដីគ្នានៅក្នុងតំបន់នោះ។
លោករដ្ឋមន្ដ្រី ស៊ុយ សែម បានសង្កត់ធ្ងន់ថា បើសិនជាមន្ដ្រីជំនាញរបស់លោករកឃើញថា ក្រុមហ៊ុនពិតជាបានធ្វើសកម្មភាពជីករករ៉ែមាស រំលោភទៅក្នុងដីសហគមន៍ ក្រសួងនឹងសរសេរលិខិតជាបន្ទាន់ឲ្យក្រុមហ៊ុនដកចេញ ហើយបើមិនស្ដាប់នឹងត្រូវចាត់វិធានការ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ប្រជាពលរដ្ឋនៅសហគមន៍រ៉ែមាសចុងផ្លាស់ ជាច្រើននាក់ តំណាងឲ្យប្រជាពលរដ្ឋសរុបជាង៨០០គ្រួសារ ដែលរកស៊ីជីករ៉ែមាសនៅតំបន់ចុងផ្លាស់ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បាននាំគ្នាមកតវ៉ាមុខសាលាឃុំ ដោយចោទប្រកាន់ក្រុមហ៊ុនចិនមួយឈ្មោះ «រ៉ុង ឆេង» ថាបានរំលោភដីសហគមន៍ដើម្បីធ្វើអាជីវកម្មរ៉ែមាស។
តំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ បាននិយាយថា ពួកគាត់ដែលបានរកស៊ីរបបមួយនេះ តាំងពីដើមរៀងមកនោះបានទទួលគោលការណ៍ពីក្រសួងរ៉ែ ធ្វើអាជីវកម្មលើទំហំដី៤៣ហិកតា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនចិន «រ៉ុង ឆេង» ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្ទៃដីជាង២ពាន់ហិកតា តែងតែបានរំលោភដែលដីរបស់សហគមន៍ ហើយក្នុងរយៈពេលចុងក្រោយនេះ សម្រាប់តែរំលោភនៅក្នុងអណ្ដូងរ៉ែចំនួន៤ ទើបពួកគាត់នាំគ្នាមកតវ៉ាតែម្ដង។
សម្រាប់ការតវ៉ានោះ ប្រជាពលរដ្ឋក្រៅពីសុំឲ្យថ្នាក់ដឹកនាំ ជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុនរំលោភ អណ្ដូងរ៉ែរបស់ខ្លួន ពួកគាត់ក៏សុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចេញគោលការណ៍ អនុញ្ញាតិឲ្យពួកគាត់ជីករករ៉ែក្នុងជម្រៅជាង២០ម៉ែត្រ តាមលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន ខណៈដែលក្រសួងបានកំណត់ត្រឹមតែ២០ម៉ែត្រនោះ។
ឆ្លើយតបការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ លោករដ្ឋមន្រ្ដី ស៊ុយ សែម បានបញ្ជាក់ថា ទីតាំងធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះ ក្រសួងមានផែនទីច្បាស់លាស់ សម្រាប់កំណត់ឲ្យក្រុមហ៊ុន និងសហគមន៍ ដោយមិនអាចមានភាគីណា រំលោភភាគីណានោះឡើយ «តែបើមន្ដ្រីរកឃើញក្រុមហ៊ុនរំលោភសហគមន៍ គឺក្រុមហ៊ុនត្រូវតែដកចេញភ្លាម»។
ចំពោះការស្នើសុំជីករករ៉ែ លើសពី២០ម៉ែត្រនោះ លោករដ្ឋមន្ដ្រី បានឆ្លើយតបថា ការកំណត់ឲ្យត្រឹមជីក២០ម៉ែត្រ គឺវាស្របទៅតាមបច្ចេកទេស ដែលមន្ដ្រីជំនាញបានសិក្សា ដែលត្រូវទៅនឹងការងារសិប្បកម្មរបស់ពួកគាត់ ហើយបើក្រសួងអនុញ្ញាតិឲ្យលើសពី២០ម៉ែត្រនោះ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយដល់ពួកគាត់ ដូចដែលករណីនេះ ធ្លាប់ការកើតឡើងនាពេលកន្លងទៅ ពេលនោះក្រសួងនឹងត្រូវទទួលខុសត្រូវជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា ប្រជាសហគមន៍ចោទប្រកាន់ក្រុមហ៊ុនជីករករ៉ែ នៅក្បែរទីតាំងរបស់ខ្លួនគឺបានកើតឡើង ជាច្រើនដងមកហើយ ប៉ុន្ដែមិនទាន់មានដំណោះស្រាយ ឲ្យមានប្រសិទ្ធភាពនោះទេ ទើបពួកគាត់បានលើកគ្នាមកតវ៉ាដូចនេះ។ ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យការជីករករ៉ែមាសរបស់ពួកគាត់ លើសពី២០ម៉ែត្រ ទាំងគិតចាប់ពីលើផ្ទៃដី និងទៅក្រោមដី ក្នុងទំហំដែលក្រសួងបានផ្តល់ជូន៕