(ភ្នំពេញ)៖ បន្ទាប់ពីទប់ទល់ស្មើក្រុមខ្លាំងចិន ០-០ នាជំនួបបើកឆាកពូលJ នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 ហើយនោះ ក្រុមជម្រើសជាតិ U23កម្ពុជា នឹងបន្ដជួបក្រុមខ្លាំងទៀតហើយ ដោយត្រូវប្រឈមមុខជាមួយក្រុមជម្រើសជាតិ U23ជប៉ុន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។
សម្រាប់លោក Leonardo Vitorino គ្រូបង្វឹក U23កម្ពុជា ហាក់មិនខ្លាចរអាចំពោះជប៉ុនឡើយ បើទោះលោកទទួលស្គាល់ជប៉ុន គឺជាខ្លាមួយនៅអាស៊ីក៏ដោយ ។ លោកថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលការប្រកួតដ៏សំខាន់នេះ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងមានក្ដីរំពឹងក្នុងការដណ្ដើមជ័យជម្នះពីក្រុមដឹកនាំគ្រូបង្វឹកជនជាតិជប៉ុនលោក Uchiyama Atsushi នេះទៀតផង ។
ប៉ុន្ដែឈានដល់ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ ក្រុមក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន ក៏ជួបក្រុមបាតតារាង U23ហ្វីលីពីន នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅលើទីលានពហុកីឡដ្ឋានជាតិផងដែរ ។ ជាបណ្ដោះអាសន្នក្រុម U23ជប៉ុន កំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុពេញ ក្រោយលត់ហ្វីលីពីន ៨-០ កាលពីថ្ងៃបើឆាក ខណៈកម្ពុជា និងចិនមាន ១ពិន្ទុរៀងៗខ្លួន ៕