(ភ្នំពេញ)៖ ក្រុមចោរប្លន់រថយន្ដប្រដាប់អាវុធទាំង៣នាក់ ដែលរួមគំនិតគ្នាបាញ់សម្លាប់បុរសរត់តាក់ស៊ី នៅខេត្តកំពង់ឆ្នាំងម្នាក់ កាលពីប៉ុន្មានថ្ងៃមុននោះ ហើយត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ ត្រូវបាននគរបាលនាយកដ្ឋាព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញពីអត្តសញ្ញាណ និងត្រៀមប្រគល់ទៅឲ្យនគរបាលខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់ករណី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បាននឹងបន្ដតាមស្វែងរករថយន្ដ របស់ជនរងគ្រោះត្រឡប់មកវិញផងដែរ។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធទាំង៣នាក់ខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ រវាងកម្លាំងនគរបាលនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលនាយកដ្ឋាន សន្ដិសុខផ្ទៃក្នុង កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់ករណី កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ជាទីកន្លែងរស់នៅបច្ចុប្បន្នរបស់ ជនរងគ្រោះ។
របាយការណ៍របស់នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់រួមមាន ទី១៖ឈ្មោះ ប៉ែន សុខន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលជាជនដៃដល់ ទី២៖ ឈ្មោះ សុវណ្ណ ឧត្តម ហៅអាដំ អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាអ្នកសមគំនិត និងទី៣៖ ឈ្មោះ រ៉ា ឌីម៉ា អាយុ១៩ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាជ ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ដែលជាអ្នកជួលរថយន្ដ។
របាយការណ៍ដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែកក្កដា ជនសង្ស័យឈ្មោះ រ៉ា ឌីម៉ា បានទាក់ទងជួលរថយន្ដជនរងគ្រោះ នៅម្ដុំស្ពានជ្រោយចង្វារ ដើម្បីជិះទៅខេត្តពោធិ៍សាត់ ក្នុងតម្លៃ១៤០,០០០រៀល ហើយទៅយកបក្ខពួករបស់ខ្លួននៅម្ដុំស្ថានីយ៍ទូរទស្សន៍ CTN។ រហូតដល់ម៉ោង៥៖៣០នាទីល្ងាចថ្ងៃដដែល ក្រោយពីដឹកបក្ខពួករួចហើយ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៥ ដល់ភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជនសង្ស័យ សុវណ្ណ ឧត្តម បានឲ្យរថយន្ដឈប់ដើម្បីចុះនោម ឆ្លៀតឱកាសនោះជនដៃដល់ ប៉ែន សុខន បានដកកាំភ្លើងខ្លី ម៉ាករ៉ូឡូ បាញ់ចំក្បាលជនរងគ្រោះមួយគ្រាប់ បណ្ដាលដួលស្លាប់នៅលើផ្លូវ រួចពួកវាក៏បើករថយន្ដរបស់ជនរងគ្រោះ ម៉ាក Highlander ត្រឡប់មកភ្នំពេញវិញ។
បើតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទាំងនេះក៏ធ្លាប់បានសារភាពពីសកម្មភាពប្លន់ម៉ូតូ១គ្រឿងផងដែរ នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមេសាកន្លងទៅ។
ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម ស្លាកលេខម៉ូតូ២បន្ទះ និងពិលឆក់មួយ រីឯរថយន្ដជនរងគ្រោះសមត្ថកិច្ច កំពុងតាមស្រាវជ្រាវទៅយកត្រឡប់មកវិញ។
សូមជម្រាបថា បុរសជាជនរងគ្រោះ ដែលជាអ្នករត់តាក់ស៉ី ឈ្មោះ អៀង ចិត្រា ហៅចិត្ត អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាល នៅត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រថយន្ដរបស់ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-1125៕