Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រកាសថា នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានរថភ្លើងធុនស្រាល អាចដឹកជញ្ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពីកណ្តាលរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

21-07-2017 09:37

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋថា នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានរថភ្លើងធុនស្រាលមួយ អាចដឹកជញ្ជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផ្សេងៗ ពីកណ្តាលរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួល និងជៀសវាងការកកស្ទះចរាចរតាមដងផ្លូវ។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតដងផ្លូវរថភ្លើង ថា សូមកុំបារម្ភអី ចំពោះការដាក់ឲ្យដំណើរការរថភ្លើងធុនស្រាល ដើម្បីដឹកជញ្ជូននេះ មិនប៉ះពាល់ដល់ផ្ទះរបស់បងប្អូននោះទេ។ លោកទេសរដ្ឋមន្រ្តីបន្ថែមថា ផ្លូវដែកនេះតភ្ជាប់ពីផ្លូវរថភ្លើងចាស់ ចូលទៅដល់ព្រលានយន្តហោះមានចំងាយប្រមាណមួយគីឡូម៉ែត្រ។

ការថ្លែង និងប្រកាសឲ្យដឹងបែបនេះ ធ្វើឡើងខណៈដែលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន របស់ចិន ដោយមានការអញ្ជើញចូលរួមពីលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្ម តំណាង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រនេះ ធ្វើនៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕