(ភ្នំពេញ)៖ នៅ៦ខែ ដើមឆ្នាំ២០១៧នេះ គិចចាប់ពីខែមករា ដល់ខែមិថុនា ប្រជាពលរដ្ឋ ជាច្រើនម៉ឺននាក់ បានមកទទួលយកសេវាពិនិត្យ ព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្រោមឱវាទ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ នេះបើយោងតាមស្ថិតិ ដែលទទួលបាន ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដានេះ។
ក្នុងនោះ ករណីពិនិត្យពិគ្រោះជំងឺក្រៅ មានចំនួន ១៧៨,៣៥០ករណី (ក្នុងនោះករណីថ្មីចំនួន១៤៨,០៣១ករណី) ហើយចំណោមចំនួនករណី ពិនិត្យពិគ្រោះជំងឺក្រៅ សរុបខាងលើ (១៧៨,៣៥០ករណី) ការប្រើប្រាស់សេវា ដោយប្រជាជនក្រីក្រ ដូចជា ការគាំទ្រ ក្រោមកម្មវិធី មូលនិធិសមធម៌ ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន១២,៣១៤ករណី, ទទួលការលើកលែងការបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានចំនួន ៥,១២៥ករណី។
សម្រាប់អ្នកជំងឺ សម្រាកព្យាបាល មានចំនួន ១២,៧៤៣នាក់ ដោយក្នុងករណីសម្រាកព្យាបាល សរុបខាងលើ (១២,៧៤៣នាក់) ការសម្រាកព្យាបាល របស់ប្រជាពលរដ្ឋក្រីក្រ រួមមាន គាំទ្រក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន៩០៣នាក់ និងទទួលការលើកលែង ការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានចំនួន១២នាក់។
ចំណែកសម្រាលកូន មានចំនួន៦,៣៨០នាក់ (ក្នុងនោះ សម្រាលនៅមណ្ឌលសុខភាពមានចំនួន៣,៨៩៨នាក់ និងសម្រាល នៅមន្ទីរពេទ្យបង្អែក មានចំនួន២,៤៨២នាក់) ក្នុងករណីសម្រាលសរុប (៦,៣៨០នាក់) ការសម្រាលដោយស្រ្តីក្រីក្រ រួមមាន ការគាំទ្រ ក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ មានចំនួន២៦៤នាក់ រួមទាំងទទួលការលើកលែង ការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល មានចំនួន៦៤នាក់។ ពិសេស ស្រ្តីមានផ្ទៃពោះ បានមកទទួលសេវាពិនិត្យថែទាំផ្ទៃពោះ មុនពេលសម្រាល មានចំនួន៧៨,៦០៦ករណី ស្រ្តីសម្រាលកូន បានមកទទួលសេវាពិនត្យថែទាំ ក្រោយសម្រាល មានចំនួន១១,៦៨០ករណី។
លើសពីនេះ ក៏មានការផ្ដល់ជូន នូវប្រភេទ វ៉ាក់សាំងការពារជំងឺ រួមមាន ការពារកុមារអាយុក្រោម១ឆ្នាំ បានមកទទួលវ៉ាក់សាំង ការពារជំងឺកុមារ, វ៉ាក់សាំងការពារជំងឺរបេង (BCG) មានចំនួន១២,៥៣៣នាក់, វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) ក្រោម២៤ម៉ោង ក្រោយពេលកើត មានចំនួន១៣,៧២៨នាក់, វ៉ាក់សាំងការពារជំងឺក្អកមាន់ -ខាន់ស្លាក់-តេតាណូសរលាកថ្លើម ប្រភេទបេ-រលាកស្រោមខួរក្បាល ដោយពពួកបាក់តេរីហ៊ីប លើកទី៣ (DPT-HepB-Hib 3) មានចំនួន១៨,៣៧៧នាក់ វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល-ស្អូចលើកទី១ (MR9) មានចំនួន៥៥,៨៦៧នាក់, វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល-ស្អូចលើកទី២ (MR18) មានចំនួន១៩,៥៩៨នាក់។
អតិថិជនមកទទួលសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់ (VCCT) មានចំនួន ១៨,៥៥៤នាក់ ។ អ្នកផ្ទុកមេរោគអដស៏ និងអ្នកជម្ងឺទទួលបានថ្នាំ ប្រឆាំងមេរោគអេដស៍ (OI/ARV) មានចំនួន២,២១៣នាក់ ។ ក្នុងនោះស្ត្រីមានចំនួន១,១៩៧នាក់ ប្រុស១,១១៦នាក់ ការស្រាវជ្រាវជំងឺរបេងករណីថ្មី មានចំនួន៤,២២៦នាក់ ក្នុងនោះរបេងវិជ្ជមាន BK+ មានចំនួន៣៧៥នាក់៕