(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែកក្កដានេះថា ជនសង្ស័យ៣នាក់ ក្នុងករណីបាញ់សម្លាប់បុរសអ្នករត់តាក់ស៉ីម្នាក់ នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់យករថយន្ដ Highlander កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញ។
សូមជម្រាបថា បុរសជាជនរងគ្រោះ ដែលជាអ្នករត់តាក់ស៉ី ឈ្មោះ អៀង ចិត្រា ហៅចិត្ត អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាល នៅត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រថយន្ដរបស់ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-1125។
ក្រោយបាញ់សម្លាប់បុរសរត់តាក់ស៉ី ខ្មាន់កាំភ្លើងបានអូសជនរងគ្រោះ ទម្លាក់ចោលនៅលើដងផ្លូវ រួចជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែពេលនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន៕