Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាត់ក្មេងទៀតហើយ! ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បាត់ខ្លួនពីសាលាបឋមសិក្សាអង្គលំទង ស្រុកគងពិសី, បើប្រជាពលរដ្ឋបានឃើញសូមទាក់ទងមកលេខ 031 201 23 45 ឬ 031 601 23 45

20-07-2017 21:57

(កំពង់ស្ពឺ)៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានបាត់ខ្លួនចេញពីសាលាបឋមសិក្សាអង្គលំទង ស្ថិតនៅភូមិព្រែតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ រហូតមកដល់ពេលនេះហើយ នៅមិនទាន់រកឃើញនៅឡើយ ខណៈកម្លាំងសមត្ថកិច្ច និងឪពុកម្ដាយកំពុងស្រាវជ្រាវតាមរក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖០០នាទី ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៧ ដែលក្មេងស្រីម្នាក់ឈ្មោះ ម៉ុក ចាន់រស្មី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ មានទីលំនៅភូមិឃុំខាងលើ ឪពុកឈ្មោះ ម៉េង អោក និងម្ដាយឈ្មោះ ភី សោភា។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ដំបូងគេឃើញមានស្រ្ដីម្នាក់ បានទៅពរក្មេងរងគ្រោះចេញពីសាលារៀន ឡើងរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក មានរូបភាពជាប់រថយន្ដដូចជាកសិករស្ទូងស្រូវ នៅផ្នែកខាងក្រោយ ដោយឮប្រាប់ក្មេងស្រីថា «ម៉ែឯងឲ្យមកហៅ»។

លុះដល់ម៉ោង១២៖៣០នាទី ដោយសារហួសម៉ោងចេញពីរៀន តែមិនឃើញកូនមកផ្ទះ ទើបឪពុកម្ដាយចាប់ផ្ដើមឆោឡោនាំគ្នាមករកដល់សាលារៀន សួរគេឯងទើបដឹងថាបាត់កូន។

មន្រ្តីនគរបាលបានសាកសួរអ្នកឃើញហេតុការណ៍នៅកន្លែងសាលារៀន និងមានការសង្ស័យទៅលើស្រ្ដីម្នាក់ឈ្មោះ សេង សុខលី អាយុ៤៥ឆ្នាំ ត្រូវជាអុំជីដូនមួយខាងឪពុក រស់នៅតំបន់សេដ្ឋកិច្ចពិសេសសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រោះម្ដាយក្មេងរងគ្រោះបានយករូបថតអុំស្រីនោះ ទៅបង្ហាញចំពោះអ្នកឃើញហេតុការណ៍ពេលព្រឹកមិញ ក៏មានការបញ្ជាក់ថា ពិតជាដូចរូបស្រ្ដីក្នុងរូបថតនោះមែន។ ក្រោយមកក្រុមគ្រួសារ បានតេទូរសព្ទទៅសួរបងប្អូនខាងឪពុកនៅសង្កាត់កន្ទោក ឲ្យទៅមើលផ្ទះអុំស្រីឈ្មោះ សេង សុខលី បានបញ្ជាក់ថា មិនឃើញស្រ្តីដែលគួរឲ្យសង្ស័យនោះនៅផ្ទះទេ។

សមត្ថកិច្ចបានឲ្យដឹងថា ការបាត់ក្មេងស្រីខាងលើ អាចជាអ្នកស្គាល់គ្នាមកយកពីសាលារៀន ព្រោះអ្នកនៅទីនោះគេបានឮគេហៅឈ្មោះក្មេងស្រីថា «អាស្មីៗម៉ែឯងឲ្យហៅទៅផ្ទះ» ហើយក្មេងឈ្មោះរស្មីបានរត់ចូលទៅក្នុងថ្នាក់រៀន យកកាតាមចេញទៅតែម្ដង មិនអាចជាអំពើចាប់ជម្រិតក្មេងនោះទេ។ តែទោះជាយ៉ាងណា កម្លាំងជំនាញកំពុងសហការជាមួយក្រុមគ្រួសារជនរងគ្រោះស្រាវជ្រាវបន្ដទៀត។

សូមជម្រាបថា នាពេលថ្មីៗនេះ នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ទៅលេខទូរស័ព្ទរបស់នាយកដ្ឋាន រួមមាន៖ 031 201 2345 , 031 601 23 45 ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងស្វែងរកក្រុមជនអនាមិកនោះមកផ្តន្ទាទោសតាមច្បាប់៕