(ត្បូងឃ្មុំ)៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នេះគឺជាប្រធានបទដែលលើកឡើង ក្នុងការប្រារព្ធទិវារអបអរសាទរ ទិវារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។
លោក លី ឡេង ថ្លែងទៅកាន់អ្នកចូលរួមក្នុងអង្គពិធីថា ប្រធានបទដែលលើកឡើងខាងលើ បង្ហាញយ៉ាងច្បាស់ ក្នុងការបន្តបំផុស និងជំរុញគ្រប់សមាសភាព នៃសង្គមចាប់អារម្មណ៍ចូលរួម និងគាំទ្រសកម្មភាពថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
លោកសូមចាត់ទុកថាបញ្ហាគ្រឿងញៀនគឺជារបស់យើងទាំងអស់គ្នា ព្រមទាំងសូមចូលរួមគាំទ្រ និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធអាចចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
លោក អភិបាលខេត្ត ក៍បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមស្វែងយល់អោយបានច្បាស់អំពីគ្រឿងញៀន និងរាល់ផលវិបាករបស់វា ហើយបន្តចូលរួមគាំទ្រអោយកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់អោយកាន់តែមានប្រសិទ្ធភាពនូវរាល់ការប៉ុនប៉ងលួចលាក់ផលិត កែច្នៃ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ព្រោះថា មានតែបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះហើយ ដែលដឹងច្បាស់ពីសុខទុក្ខ និងបញ្ហាផ្សេងៗ ដែលកើតមានក្នុងសហគមន៍ខ្លួន ។
បើតាមរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆមាសទី១ ក្នុងខេត្តត្បូងឃ្មុំ ដែលលើកឡើង ដោយលោក គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មកាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ អោយដឹងថា៖ ក្នុងឆមាសទី១ ឆ្នាំ២០១៧កន្លងមកនេះគឺបានអនុវត្តបង្ក្រាបដោយនគរបាល និងកងរាជអាវុធហត្ថខេត្ត ៨៥ករណី ឃាត់ខ្លួនបាន ១៤៥នាក់ ស្រី២៤នាក់ ក្នុងនោះករណីរក្សាទុក និងជួញដូរ ៦០ករណី ឃាត់ខ្លួន ១០២នាក់ ស្រី១៦នាក់ និងវត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE) ចំនួន ២៨៧,៤៨ក្រាម និងមេតំហ្វេតាមីនប្រភេទWY ទម្ងន់ ២,៥៨ក្រាម , ករណីប្រើប្រាស់ ៧ករណី ឃាត់ខ្លួន២៦នាក់ ស្រី៦នាក់ , អនុវត្តដីកា ១៥ដីកា ឃាត់ខ្លួន ១៤នាក់ ស្រី១នាក់ សម្រេចមិនឃុំខ្លួន ១នាក់, ដកហូតបានវត្ថុតាងរួមមានៈ ម៉ូតូចំនួន ១៧គ្រឿង, រថយន្តចំនួន ៣គ្រឿង, ទូរស័ព្ទចំនួន ៣៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៥គ្រឿង, អាវុធកែច្នៃចំនួន ១ដើម និងខ្សែកលោហធាតុចំនួន ១ខ្សែ ៕