(ត្បូងឃ្មុំ)៖ ក្នុងឱកាសដើម្បីអបអរទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០១៧ កូនត្រីជាច្រើនប្រភេទ ប្រមាណជាង២ម៉ឺនក្បាល ត្រូវបានលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានធ្វើការប្រលែងចូលត្រពាំងទំលាយ ជាត្រពាំងធម្មជាតិ ក្នុងភូមិស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងន័យបំផុសប្រជាពលរដ្ឋឲ្យចូលរួមចំណែកការពារ និងអភិរក្សប្រភពមច្ឆា ក្នុងវិស័យជលផល ។
ថ្លែងក្នុងឳកាសនោះលោក លី ឡេង បានលើកឡើងថា ទិវាមច្ឆាជាតិត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចំបង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យជលផល ដែលជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាការបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាការពារបង្កើនការយកចិត្តទុកដាក់ សម្បត្តិធម្មជាតិឲ្យមានភាពគង់វង្ស យូអង្វែង រួមចំណែកសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយភាពក្រីក្រ និងធានាចីរភាពនៃបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក បន្តថា ធនធានជលផលគឺជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវគុណប្រយោជន៍ធំធេងជាច្រើនទៀត ដូចជាមុខរបរ ប្រាក់ចំណូល លើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកធានាសន្តិសុខស្បៀង និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ជាមួយគ្នានោះលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណគុណបងប្អូនប្រជាជនក្នុងភូមិស្ទឹងតាថុក ដែលរួមគ្នាថែរក្សាការពារត្រពាំងទំលាយនេះ អំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹមត្រីលក្ខណៈគ្រួសារបន្ថែម ដើម្បីផ្គត់ផ្គង់និងបង្កើនប្រាក់ចំណូល និងរួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន និងការបន្ថយការនាំត្រីចូលពីប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា កូនត្រីដែលធ្វើការលែងក្នុងពេលនេះ មានដូចជា ត្រីឆ្ពិន ត្រីប្រា អន្ទង់ និងវារីសត្វផ្សេងៗទៀតសរ៉ុបប្រមាណ ២ម៉ឺនក្បាលចូលក្នុងត្រពាំងទំលាយ ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឲ្យកាន់តែសប្បូឡើងថែមទៀត ៕