(កំពង់ធំ)៖ ករណីគួរឲ្យរន្ធត់ពន់ពេកមួយ បានកើតឡើងព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដោយសារស្រ្តីរងគ្រោះម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ជាមួយកូនគ្រប់ខែម្នាក់ទៀត ក្រោយពេលសម្រាលកូននៅពេទ្យបង្អែកស្រុកស្ទោង ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានឲ្យដឹងថា ស្ដ្រីរងគ្រោះដែលស្លាប់នេះមានឈ្មោះ លឹម ប៉ូលីន អាយុ៣៥ឆ្នាំ និងប្ដីឈ្មោះ អ៊ឹង សៀងហេង អាយុ៣៣ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង មានកូន២នាក់ក្នុងបន្ទុក ហើយកូនដែលស្លាប់នេះជាកូនទី៣ ដែលបានស្លាប់បន្ទាប់ពីសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង។
លោកបានបន្ដថា ជនរងគ្រោះបានចូលសម្រាលក្នុងមន្ទីរពេទ្យ នៅម៉ោង៧៖៣០នាទីព្រឹក រហូតដល់ម៉ោង៧៖១៥នាទី ព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ទើបជនរងគ្រោះបានស្លាប់តែម្ដង។ សពជនរងគ្រោះត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ តែរហូតមកដល់ពេលនេះ ខាងជនរងគ្រោះមិនទានបានចោទប្រកាន់អ្វីនោះទេ ដោយសាររវល់ធ្វើបុណ្យសពឲ្យរួចសិន។
ចំណែកប្រភពខាងមន្ទីរពេទ្យបានឲ្យដឹងថា «ជនរងគ្រោះមកពេទ្យយឺតពេក និងហួសកំណត់ថ្ងៃកើតដល់ទៅ ៥ថ្ងៃ ទើបចូលមកពេទ្យត្រូវបានបែកទឹកភ្លោះមុនចូលពេទ្យ ធ្វើឲ្យជ្រាបចូលក្នុងសរសៃឈាមស្លាប់»។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើកុសល្យវិច័យដើម្បីឲ្យដឹងការពិត តើមូលហេតុអ្វីដែលបណ្ដាលឲ្យស្ដ្រី និងកូនស្លាប់៕