(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខបកស្រាយអំពីអ្វីទៅដែលហៅថា «ទណ្ឌិត» បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ មិនយល់អំពីអត្ថន័យពាក្យនេះ ហើយប្រកែកថា លោកមិនមែនជា «ទណ្ឌិត» ដូចការចោទប្រកាន់នោះទេ។
កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរីថា លោកមិនមែនជាទណ្ឌិតនោះទេ។ លោកថ្លែងថា «អ្នកដែលចោទថាខ្ញុំជាទណ្ឌិត អ្នកនោះហើយជាអ្នកមានទោសខ្លួនឯង ជាជនឧក្រិដ្ឋ និងជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ»។
លោក គឹម សន្តិភាព បានលើកឡើង ដោយពន្យល់យ៉ាងដូច្នេះថា «គ្មានអ្វីចំឡែកទេសម្រាប់ទណ្ឌិតមិនទាន់ស្គាល់គុក ដែលមិនទាន់យល់ពាក្យថា "ទណ្ឌិត"។ ពាក្យថា "ទណ្ឌិត" គឺជនដែលមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរ របស់ស្ថាប័នតុលាការ!។ អំពើដែលអនុញ្ញាតឱ្យស្ថាប័នតុលាការផ្តន្ទាទោសបាន លុះណាតែ អំពើនោះ ត្រូវបានរកឃើញអំពីពិរុទ្ធភាព ហើយអំពើនោះជាអំពើល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌជាធរមាន!»
លោកបានបន្ថែមទៀតថា «ប្រសិនជានៅតែមិនប្រាកដថាខ្លួនជា "ទណ្ឌិត" នោះ សូមសួរទៅអ្នកច្បាប់ស្រុកបារាំងថា តើខ្ញ្លួនមានឋានៈអ្វីនៅពេលនេះ ក្នុងខណៈដែលខ្លួនបានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីតុលាការបែបនេះ!»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយគេចពីការទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីតុលាការ បង្គាប់ចាប់ខ្លួនទៅអនុវត្តទោស ពាក់ព័ន្ធនឹងការចាញ់ក្តីករណីបរិហារកេរ្តិ៍លើ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថា ជាមេគុកនៅជំរុំបឹងត្របែកពេលជំនាន់ ខ្មែរក្រហម។ លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ចំពោះការចោទប្រកាន់លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងកាត់ទោសឱ្យ ជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែន ជាមួយលោក ហុង សុខហួរ។
ក្រៅពីនោះ លោកក៏ជាប់ពាក់ព័ន្ធនឹងបណ្តឹងជាច្រើនទៀត ជាពិសេសបណ្តឹងបរិហារកេរ្តិ៍៕