(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម នៅក្នុងវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំទាំងពីរ បានប្ដេជ្ញាចិត្តរួមគ្នាថា នឹងបន្ដពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អជាងនេះបន្ថែមទៀត។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជំនួយទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់សាងសង់អគាររដ្ឋបាលដល់រដ្ឋសភា របស់កម្ពុជា ហើយនេះជាចំណងដៃធំមួយសម្រាប់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ជាមួយគ្នានោះ លោក ង្វៀន ហ៊្វូជុង បានសម្ដែងនូវការកោតសរសើរដល់សម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលដឹកនាំកម្ពុជាឲ្យមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយលោកបានសម្ដែងនូវការអបអរសាទរដល់កម្ពុជាផងដែរ។
ថ្នាកដឹកនាំវៀតណាមរូបនេះ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ ដើម្បីបន្ដពង្រឹង និងពង្រីក ប្រទេសទាំង២ផង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រទេសកម្ពុជា-វៀតណាម ហើយដែលនេះក៏ជាខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងការទូតផងដែរ។
សូមជម្រាបថា លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការបក្ស ចូលគាល់ព្រះមហាក្សត្រ ថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕