(ភ្នំពេញ)៖ ក្នុងជំនួបវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជាមួយលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចប្រធានព្រឹសភាកម្ពុជា បានប្ដេជ្ញាគាំទ្រទាំងស្រុង រាល់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ ជាមូលដ្ឋានគ្រឹះធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។ ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចសូមគាំទ្រទាំងស្រុងនូ វរាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងចាត់ទុកលទ្ធផលដ៏ធំធេងទាំងនេះ គឺជាមូលដ្ឋានគ្រឹះ ដែលធានាដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេច សាយ ឈុំ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម នាឱកាសនេះ ជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ស្របពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើង ដោយអតីតព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។

លោក ង្វៀន ហ្វ៊ូជុង បានថ្លែងថា ក្នុងរយៈពេល៥០ឆ្នាំនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បាននាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រជាជននៃប្រទេសទាំងពីរ បានរួមសុខរួមទុក្ខជាមួយគ្នា និងជួយគាំទ្រគ្នាទៅវិញទៅមក និងសហការគ្នាប្រយុទ្ធតស៊ូ ដើម្បីឯករាជ្យជាតិនៃប្រជាជាតិទាំងពីរ។ ចាប់តាំងពីថ្ងៃដែលប្រទេសជាតិទាំងពីរដណ្តើមបានឯករាជ្យ ប្រទេសនីមួយៗបានខិតខំយ៉ាងខ្លាំងក្លា ដើម្បីពង្រឹងឯករាជ្យជាតិ និងកសាងប្រទេសជាតិឡើងវិញ។

លោកអគ្គលេខាធិការ បានសម្តែងនូវសេចក្តីរំភើបរីករាយដោយមើលឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្នុងអំឡុងពេល៥០ឆ្នាំ កន្លងទៅនេះ ក្រោមព្រះរាជដឹកនាំរបស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការ បានសម្តែងនូវការអបអរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនេះជាមូលដ្ឋានយ៉ាងល្អ សម្រាប់ប្រទេសកម្ពុជា ក្នុងការរៀបចំការបោះឆ្នោត នាពេលខាងមុខ ឲ្យទទួលបានជោគជ័យថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលថ្លែងសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជននៃប្រទេសទាំងពីរ  ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិទំាងពីរ សាមគ្គីភាពរវាងប្រជាជនទាំងពីរកាន់តែ ពង្រឹងពង្រីក ដែលមិនអាចកាត់ថ្លៃបានឡើយ។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិបញ្ញត្តិ នីតិប្រតិប្រតិបត្តិ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការមហាជននៃប្រទេសទាំងពីរ បាននិងកំពុងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិទាំងអស់នេះ ឲ្យកាន់តែល្អថែមទៀត។

សម្តេចបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា បានមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងរដ្ឋសភាវៀតណាម ទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដូចជា AIPA, APF, IPU និង CLV ជាដើម៕