(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានជ្រូកព្រៃមួយក្បាល ខ្វេះធ្លាយពោះ និងត្រូវជើងខាងឆ្វេងរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពភ្នំក្រវាញ ខណៈកំពុងដើរចូលព្រៃរកឈើជាមួយប្រពន្ធ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចខ្នងស្រល់ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀន សឿម អាយ៣៤ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោកអធិការបន្តថា មុនពេលកើតជនរងគ្រោះ រួមជាមួយប្រពន្ធ បានចេញទៅរកឈើ នៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញជ្រូកព្រៃមួយក្បាលដ៏ធំ មានចង្កូមវែង បានទ័លច្រកក៏បោលសំដៅទៅរកជនរងគ្រោះ រួចខ្វេះធ្លាយពោះ និងត្រូវជើងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពភ្នំក្រវាញតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានតាមចាប់ និងប្រមាញ់ជ្រូកព្រៃមួយក្បាលនោះដែរ តែជ្រូកព្រៃមួយក្បាលនោះ បានរត់បោលចូលព្រៃបាត់ទៅ ដោយឡែកប្រពន្ធរបស់ជនរងគ្រោះសំណាងល្អ បានរត់គេចខ្លួនទាន់ពេលវេលា៕