(ព្រះសីហនុ)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ជា សុខហៀង នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាសម្រេចឃុំខ្លួនបុគ្គលឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រមូលប្រជាពលរដ្ឋ ទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ ព្រមទាំង បានតាំងខ្លួនឯង ជាមេបញ្ជាការរងកងអង្គរក្សសម្តេចនាយករដ្ឋមន្រ្តី ពាក់ផ្កាយ២ទៀតផង។
បើតាមយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រម បានបញ្ជាក់ថា ជននេះត្រូវបានចោទប្រកាន់ពីបទ «ធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំ ជាមួយការបំពេញ មុខងារសាធារណៈ, ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ» ប្រព្រឹត្តនៅខេត្តព្រះសីហនុ កាលពីអំឡុងមុនខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៦១០, មាត្រា៦១៥ និងមាត្រា៦២១ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ហើយក្រោយសួរនាំបុគ្គលនេះមានឈ្មោះពិត «ង៉ែត សារិន» អាយុ៤៧ឆ្នាំ មុខរបរទិញលក់ដី មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលអះអាងថា ជាឧត្តមសេនីយ៍ទោ នៅបញ្ជាការដ្ឋានអង្គរក្ស ហើយប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។
បើតាមការលួចបង្ហើបពីសមត្ថកិច្ច បុគ្គលរូបនេះបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅបោកលុយគេជាច្រើននាក់ ខ្លះអស់រាប់ម៉ឺនដុល្លារទៀតផង៕