Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រេកអរ! អភិបាលខេត្តពោធិ៍សាត់ បញ្ចប់​ទំនាស់ដី២៥៦ហិកតា របស់ប្រជាពលរដ្ឋ​៨ភូមិ ក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ, ប្រាប់អាជ្ញាធរមូលដ្ឋាន កុំឲ្យថ្នាំងថ្នាក់ជាមួយពលរដ្ឋ

20-07-2017 17:59

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ បានសម្រេចនូវសមិទ្ធផលថ្មីមួយទៀតហើយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយលោកបានដោះសា្រយ បញ្ហាទំនាស់ដី២៥៦ហិកតា ជូនប្រជាពលរដ្ឋ៨ភូមិ រួមមាន៖ ភូមិត្រពាំងកន្ទួត ភូមិថ្មី ភូមិកណ្តុរស ភូមិពោធិ៍ខឿន ភូមិអូរអញ្ចាញ ភូមិពោធិ៍អង្ក្រង ភូមិបឹង និងភូមិចចក ក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ។

អភិបាលខេត្តពោធិ៍សាត់ ក៏ប្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន ឲ្យផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ ដាច់ខាតកុំឲ្យមានការថ្នាំងថ្នាក់ណាមួយកើតឡើង ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ហើយលោកផ្តល់លេខទូរស័ព្ទ​២ប្រព័ន្ធ របស់លោកផ្ទាល់ ដើម្បីរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ជុំវិញភាពមិនប្រក្រតី ឬមានការថ្នាំងថ្នាក់ណាមួយកើតឡើង។​

នៅចំពោះមុខប្រជាពលរដ្ឋនាឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងថា នេះជាលើកទី៣ហើយ ដែលលោក​បានមកកាន់ទីនេះ ហើយក៏សង្ឃឹមថាថ្ងៃនេះ នឹងជម្រះមន្ទឹលសង្ស័យឲ្យបានជ្រះស្រឡះ ជាលក្ខណៈគ្រួសារ ជុំវិញដីទំនាស់ទាំង២៥៦ហិកតា ដែលនៅសេសសល់ពីដីអាស្រ័យផលចាស់ ត្រូវបានស្រង់បច្ចុប្បន្នភាពរួចរាល់ ចំនួន​៨១,០៤ហិកតា ស្នើនឹង៦៧ក្បាលដី លើ៦៨គ្រួសារ។

ផ្អែកតាមការលើកឡើង របស់តំណាងភូមិនីមួយៗ សុំឲ្យមានការបែងចែកដីទំនាស់ ដែលនៅសេសសល់នោះស្មើៗគ្នា និងប្រើប្រាស់ជាប្រយោជន៍សាធារណៈ លោក ម៉ៅ ធនិន ក៏បានឆ្លើយតប និងធ្វើការដោះស្រាយទៅតាមសំណូមពរវិញភ្លាម ព្រមទាំងបានចាត់ឲ្យជំនាញ ធ្វើការវាស់វែង និងចេញប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។

ដោយឡែកប្រជាពលរដ្ឋ ដែលកាប់ទន្ទ្រានដីថ្មី ត្រូវដកយកមកវិញ តែបើខ្វះខាតដីពិតប្រាកដ ត្រូវស្រង់បញ្ជីឈ្មោះឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយជូននៅពេលក្រោយ ហើយលោកប្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមត្រួតពិនិត្យ និងរាយការណ៍ចំពោះអ្នកដែលចូលទៅកាប់រានថ្មី ដើម្បីថែរក្សាការពារដី ដែលនៅសេសសល់ទាំង២៥៦ហិកតានោះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ស្មើៗគ្នា ទៅតាមភូមិនីមួយៗ។

ប្រជាពលរដ្ឋទាំង៨ភូមិ ក្នុងឃុំបឹងកន្ទួត បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ជាមេគ្រួសារប្រកបដោយព្រហ្មវិហារធម៌ ដែលបានចំណាត់ការដោះស្រាយជម្រះមន្ទឹល លើដីទំនាស់ទាំង២៥៦ហិកតាខាងលើនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានប្តេជ្ញាចិត្តថានឹងប្រើប្រាស់ដីនោះ ជាប្រយោជន៍សមូហភាព ដោយក្នុងភូមិៗទទួលបានដី ៣២ហិកតា៕​