(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងឲ្យដឹងថា ការណែនាំសម្រាប់ការដាក់បញ្ចូល ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីសម្រេចបានលទ្ធផល គ្មានការចម្លងមេរោគអេដស៍ នៃគោលនយោបាយ ភូមិឃុំមានសុត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដែលមានអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកជាមួយគ្នា ជាពិសេសគឺក្រសួងមហាផ្ទៃ ដែលមានកម្លាំងនៅទូទាំងប្រទេស ជាអ្នកដើរតួនាទីយ៉ាងសំខាន់ ជាមួយប្រជាពលរដ្ឋផ្ទាល់។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ផ្ទាល់ ដោយមានតំណាងពីភាគីជាច្រើនចូលរួម ក្នុងនោះមានក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងឲ្យដឹងទៀតថា គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព មានចំនួន៩ចំណុចរួចមកហើយ ហើយការដាក់បញ្ចូល ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនៅពេលនេះ គឺក្លាយជាចំណុចទី១០ ដែលមានសារសំខាន់មួយ សម្រាប់ការអនុវត្តឲ្យមានប្រសិទ្ធភាព និងជាការពង្រឹងផ្នែកសេវាកម្មសុខាភិបាល ជាទូទៅ ជាពិសេស គឺការឆ្លងរីករាលដាល នៃជំងឺអេដស៍។
លោកបានសង្កត់ធ្ងន់ថា ផ្អែកតាមតួលេខ ការប្រយុទ្ធប្រឆាំងនៃឆ្លងរីករាលដាល នៃជំងឺអេដស៍ គឺយើងទទួលបានជោគជ័យ លើសពីការរំពឹងទុក និងមានការកោតសរសើរ ពីអង្គការសហប្រជាជាតិ។ ជាក់ស្ដែងអត្រានៃការឆ្លង គឺធ្លាក់ចុះនៅក្រោម១% នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ បើទោះបីជាជំនួយពីស្ថាប័នអន្តរជាតិ មានការថយចុះក្ដី។ ការដាក់បញ្ចូលការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺមានគោលដៅចង់ឲ្យថ្នាក់មូលដ្ឋាន មានភូមិ ឃុំ-សង្កាត់ មានការគាំទ្រ។ យើងចង់ឃើញអាជ្ញាធរនៅតាមមូលដ្ឋាន ក្ដាប់សភាពការណ៍បាន ជាពិសេសគឺអ្នកសេពគ្រឿងញៀន ព្រោះពួកគេដឹងថា នៅកន្លែងណាមានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ មានស្រ្តីបំរើសេវាកម្មផ្លូវភេទជាដើម។ ដូច្នេះទើបមានកិច្ចប្រជុំថ្ងៃនេះ ដើម្បីទទួលយកផែនការ យកទៅអនុវត្តដល់ថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា យោងតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានណែនាំ ចេញផ្សាយកាលពីចុងឆ្នាំ២០១៣ គឺបានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍, ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ឲ្យបង្កើតបរិយាកាសគាំទ្រ សម្រាប់ប្រជាជនប្រឈមមុនខ្ពស់ រួមមានស្រ្តីបំរើសេវាកម្មផ្លូវភេទ សេវាកម្មកម្សាន្ត បុរសរួមភេទជាមួយបុរស អ្នកប្ដូរភេទ និងអ្នកចាក់ថ្នាំញៀនជាដើម ដើម្បីឲ្យមានលទ្ធភាពទទួលបាន សេវាព្យាបាលទូលំទូលាយ ទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍៕