(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ុប ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែកក្តដានេះ នាយឧត្តមសេនីយ៍ សេង ផល្លី បានផ្តល់អនុសាស្រ្ត ដល់សាលានគរបាលជាតិភូមិភាគទាំងអស់ ឲ្យបន្តអនុវត្តកំណែទម្រង់ ដែលមានស្រាប់ដើម្បីលើកកម្ពស់ពីការបណ្តុះបណ្តាល។
លោកក៏បានផ្តល់អនុសាស្ត្រា ដល់សិស្សនគរបាលជាជ័យលាភីទាំងអស់ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ដល់អង្គភាពការងារ និងមនុស្សទូទៅនៅក្នុងសង្គម គោរពក្រមសីលធ័ម៌វិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងត្រូវមានអប្បកិរិយាល្អ ទាំងក្នុងការងារនិងការរស់នៅក្នុងសង្គម។
លោក សេង ផល្លី បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក នាយឧត្តមសេនីយ៍ បានបន្ថែមថា ដើម្បីឈានទៅសម្រេចបានគោលនយោបាយនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ក្នុងន័យនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ទាំងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕