(ភ្នំពេញ)៖ សាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់ជំនួយទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់សាងសង់អគាររដ្ឋបាលដល់រដ្ឋសភា របស់កម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់ ស្តីពីការផ្តល់ជំនួយនេះ បានធ្វើឡើងនៅវិមានរដ្ឋសភាកម្ពុជា ដោយចុះហត្ថលេខាទទួលស្គាល់ដោយលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងលោក អូន ជូលីវ អនុប្រធានរដ្ឋសភាវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។
នៅមុនពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចចក្រី ហេង សំរិន ផងដែរ។ នៅក្នុងជំនួបសវនការនេះ ភាគីទំាងពីរបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលចេះតែរីកចម្រើនទៅមុខឥតឈប់ឈរ។
«វត្តមានដ៏ខ្ពង់ខ្ពស់របស់ អគ្គលេខាធិការ និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះ ពិតជាបានផ្តល់កិត្តិយសដ៏ធំធេង ចំពោះព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំ ហើយក៏មានអត្ថន័យ ជាពិសេសដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយទស្សនកិច្ចនេះ ស្របពេលដែលប្រទេសយើងទំាងពីរ បានប្រារព្ធខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតនឹងគ្នា» នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានបន្តថា ក្នុងនាមប្រជាជនកម្ពុជា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ខ្លាំងក្លា និងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់ បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ កាលពីមុន ក៏ដូចជា ដំណើរការអភិវឌ្ឍនាពេលបច្ចុប្បន្ន។ ជាក់ស្តែងនៅក្នុងពេលនេះ ឯកឧត្តមអគ្គលេខាធិការបក្ស បាននាំមកនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀតដល់រដ្ឋសភាកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ដែលវៀតណាមសម្រេចជួយកសាងអគាររដ្ឋបាលដ៏ធំមួយ ស្មើនិងទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋសភាកម្ពុជា។
លោក ង្វៀន ភូជុង បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាកម្ពុជាទំាងអស់ ដែលបានទទួលស្វាគមន៍ គណៈប្រតិភូយ៉ាងកក់ក្តៅ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា យ៉ាងឆាប់រហ័សលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។
លោក ង្វៀន ភូជុង បានសម្តែងក្តីរីករាយយ៉ាងខ្លំាង នៅពេលឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសកម្ពុជា វៀតណាម មានការរីកចម្រើន រឹងមាំជាលំដាប់។ ចំណងមិត្តភាព ដែលមានជាប្រពៃណីនេះគឺជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រទេសទាំងពីរ ដែលត្រូវថែរក្សាជារៀងរហូតទៅ ហើយផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយឲ្យយល់ដឹង និងបន្តថែរក្សាឲ្យបានយូរអង្វែងតទៅ។
សូមជម្រាបថា លោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុំម្មុយនីស្តវៀតណាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការបក្ស ចូលគាល់ព្រះមហាក្សត្រ ថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕