(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញ ដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវយកចិត្ដទុកដាក់ និងបម្រើប្រជាពលរដ្ឋ ទៅតាមតួនាទី ហើយជៀសវាងដាច់ខាត ការយកឥទ្ធពលរបស់ខ្លួន មកសំឡុតគំរាមគំហែង ឬអួតអាង ទៅលើអ្នកដទៃ។
នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាល និងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិ ភូមិភាគ៦ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។
នាយឧត្ដមសេនីយ៍ បានថ្លែងទៀតថា «ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវមានចំណេះដឹង សមត្ថភាព គុណធម៌ ស្មោះត្រង់ និងគោរពវិន័យ របស់អង្គភាព ដែលមិនអាចខ្វះបានឡើយ ទោះរៀនរហូតដល់បញ្ចប់បរិញ្ញាបត្រ ឬបណ្ឌិតក៏ដោយ បើគ្មានវិន័យនេះ អ្នកនឹងមិនអាចសម្រេចជោគជ័យ ក្នុងការងារនោះឡើយ»។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន ថ្លែងបន្ដថា «សម្រាប់ចំណេះជំនាញ ដែរយើងបានរៀនក្នុងពេលនេះ គ្រាន់តែជំហ៊ានដំបូងតែប៉ុណ្ណោះ វាមិនទាន់រឹងមាំទេ យើងត្រូវតែបន្ដស្វែងសិក្សាបន្ថែមទៀត តាមរយៈរៀនក្នុងសាលា ដែលនឹងទទួលបានចំណេះជំនាញ ផ្នែកទ្រឹស្ដី, រៀនតាមរយៈ ការចុះប្រតិបត្ដិការងារជាក់ស្ដែង តាមអង្គភាព តាមសកម្មភាពផ្សេងៗ និង ត្រូវទាមទារយល់ដឹងបន្ថែម ទៅតាមឯកសារ ឬប្រភពព័ត៌មានផ្សេងៗ រួមទាំងនៅតាមសិក្ខាសាលាផងដែរ ដើម្បីក្លាយជានគរបាល ដ៏រឹងមាំ និងពូកែម្នាក់»។
លើសពីនោះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងជំរុងឲ្យមន្ដ្រីនគរបាល ដែលទើបតែងប្រកាសតាំងស៊ប់ នៅថ្ងៃនេះថា នេះថា ប្អូនៗត្រូវចងចាំ ចង់មានអត្ដចរិកជាប៉ូលីស ដ៏រឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ត្រូវមានបួនចំនុចទៀតគឺ ត្រូវចេះឆ្ងល់, ដាក់ជាសំនួរ, ទទូលបានចម្លើយ ហើយត្រូវវិភាគ សន្និដ្ឋាន និងវាយតម្លៃ យ៉ាងម៉ត់ចត់៕