(ភ្នំពេញ)៖ នៅម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្តើមទទួលជួបសំណេះសំណាល ជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នៅក្នុងវិមានសន្តិភាព។ បន្ទាប់ពីជំនួបនេះសម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។
ការជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលើងបន្ទាប់ពី លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម បានជួបជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងជួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧៕