(ភ្នំពេញ)៖ យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៧ របស់រដ្ឋមន្ដ្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៦ខែដើមឆ្នាំ២០១៧ ចំណូលបានមកពីវិស័យព្រៃឈើនៅកម្ពុជា មានប្រមាណ៥លានដុល្លារអាមេរិក។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆមាសទី១ ឆ្នាំ២០១៧នេះ ចំណូលពីសួយសារផល អនុផលព្រៃឈើសរុបចំនួន១៦,៩៥៣,៤៧៧,០៦១រៀល និងចំណូលពីសេវាសារធារណៈចំនួន ២,៧១១,៥៩៧,៧៥៤រៀល និង៩៩,២០៤.៨៥ដុល្លារអាមេរិក (សរុបទាំងអស់ប្រមាណ៥លានដុល្លារអាមេរិក)។
ជាមួយគ្នានេះរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេល៦ខែ ឆ្នាំនេះ ក្រសួងបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់ទន្រ្ទានដីព្រៃ នៅតាមអង្គភាពរដ្ឋបាលព្រៃឈើ មូលដ្ឋានសរុបចំនួន៦១៥ករណី ដោយពិន័យអន្ដរការណ៍ចំនួន២៣៩ករណី និងបញ្ជូនទៅតុលាការចំនួន៣៧៦ករណី។
របាយការណ៍បានបញ្ជាក់ទៀតថា ដកហូតវត្ថុតាងមានដូចជា ឈើមូល-ជ្រុងចំនួន២៧៩ម៉ែត្រគូប ឈើអារចំនួន ១៤៦៨ ម៉ែត្រគូប ឈើក្រាក់គ្រញូងចំនួន២៤ម៉ែត្រគូប សត្វព្រៃចម្រុះគ្រប់ប្រភេទចំនួន៣១០២ក្បាល និង៧៦១គីឡូក្រាម អនុផលព្រៃឈើ និងសម្ភារផ្សេងៗមួយចំនួនទៀត និងសំណុំរឿងបទល្មើសកាប់រានដីព្រៃចំនួន១៨ករណី មានផ្ទៃដីព្រៃឈើដែលកាប់រានចំនួន៤៩១ហិកតា ព្រមទាំងបាបញ្ជូនសំណុំរឿង ទៅតុលាការតាមនីតិវិធី និងដកហូតរណារយន្ដចំនួន៣៥គ្រឿង៕