(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកទទួលទានម្ហូបអាហារនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងធ្វើតេស្តឃីតលើគ្រឿងសមុទ្រ បន្លែ ត្រី សាច់មួយចំនួន ដែលអាជីវករ លក់ដូរក្នុងផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា ថ្លែងឲ្យដឹងថា ដោយសង្កេតឃើញនៅលើទីផ្សារបច្ចុប្បន្ន រាល់មុខទំនិញ មានការបន្លំគុណភាពទំនិញ និងការយល់ដឹងពីគុណភាពរបស់អាជីវករនៅមានកម្រិត ក៍ដូចជាបន្លែត្រីសាច់នានា ដើម្បីចង់ឲ្យនៅល្អ ស្រស់ទុកបានយូរ ដោយបន្ថែមសារធាតុគីមីហាមឃាត់ ដែលវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ លោក និងមន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ ក៍នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងតេស្តឃីតលើបន្លែត្រីសាច់មួយចំនួន ក្នុងគោលបំណងតែមួយគត់ គឺដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាន។

លោកប្រធានទីផ្សារ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការធ្វើតេស្តឃីតភ្លាមៗលើ បង្គារ មឹក សាច់ប្រហិតកញ្ចប់ ត្រីប្រឡាក់ងៀត សរសៃគុយទាវ និងសណ្តែកបណ្តុះ គឺមិនមានសញ្ញាណវត្តមានផ្ទុក នូវសារធាតុបូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អ មិនខូចមិនស្អុយ នៅស្រស់ និងទុកបានយូរ ដែលវាបណ្តាលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់នោះឡើយ ព្រមទាំងធ្វើការត្រួតពិនិត្យគុណភាពទំនិញ ដោយបានប្រទះឃើញព្រមទាំងដកហូតនូវខ្ទិះដូងកំប៉ុង និងអាហារកំប៉ុង ហួសកាលបរិច្ឆេទ សំបកកំប៉ោងកំប៉ិត ដែលខូចគុណភាពបានមួយចំនួន យកទៅកម្ទេចចោលផងដែរ ។

មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្លាកស្ទីកគ័រ និងបង្ហាញ ណែនាំដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើការអប់រំ ក៍ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។

ប្រជាពលរដ្ឋក៏បានចូលរួមសង្កេតនូវការចុះត្រួតពិនិត្យ និងការធ្វើតេស្តឃីតផ្ទាល់ភ្លាមៗ របស់មន្ត្រីកាំកុងត្រូលខេត្ត ដោយបញ្ចេញអារម្មណ៍រីករាយ ដែលមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងតែគិតគូរពីគុណភាពទំនិញ និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសំណូមពរឲ្យមានសកម្មភាពល្អៗ យកចិត្តទុកដាក់ពីមន្ត្រីជំនាញបែបនេះ ជាបន្តក្នុងផ្សារមេមត់ រួមទាំងផ្សារទាំងអស់ក្នុងខេត្ត ក៍ដូចជាគ្រប់ផ្សារទាំងអស់ទូទាំងប្រទេស ដើម្បីឲ្យបងប្អូនយើងទទួលបានទំនិញគុណភាពល្អដើម្បីទទួលទាន ក៍ដូចជាសុខភាពល្អគ្រប់គ្នា ៕