(ភ្នំពេញ)៖ ខណៈដែលប្រទេសមួយចំនួន នៅអាស៊ាន ដូចជាថៃ ម៉ាឡេស៊ី កំពុងទទួលបានផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ពីឧស្សាហកម្មអាហារហាឡាលនោះ ប្រទេសកម្ពុជាដែលជាប្រទេសមួយសម្បូរទៅដោយ វត្ថុធាតុដើម និងមានគោលនយោបាយអនុគ្រោះដល់ការវិនិយោគ ក៏កំពុងសម្លឹងមើលសក្តានុពលដ៏ធំមហិមានេះដែរ ដោយបាននិងកំពុងអភិវឌ្ឍស្ដង់ដារឧស្សាហកម្មហាឡាលរបស់ខ្លួន និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។
ការមើលឃើញ និងយុទ្ធសាស្រ្តរៀបចំខ្លួនទាំងនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលានេះរៀបចំដោយស្ថានទូតថៃប្រចាំកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាស្តីពី ការបង្កើតស្តង់ដារផលិតផលអាហារហាឡាល និងការចែករំលែកបទពិសោធន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ នាថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយភាគីពាក់ព័ន្ធ ដៃគូជាតិ-អន្តរជាតិមួយចំនួន។
លោក ម៉ៅ ថូរ៉ា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារហាឡាលនេះ មានប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីស្វែងរកឱកាសបើកពាណិជ្ជកម្មដ៏ធំមហិមានេះ ក្នុងនោះបានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍអាហារហាឡាល ឲ្យស្របតាមបទបញ្ញាត្តិ និងការអនុវត្តឲ្យស្របតាមស្តង់ដារបច្ចេកទេស ក្នុងការកសាងសេចក្តីទុកចិត្តដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ប្រភេទអាហារនេះ នៅទូទាំងពិភពលោក។
លោក ម៉ៅ ថូរ៉ា បានបន្តថា ដោយមើលឃើញពីសក្តានុពលនៃឧស្សាហកម្មអាហារហាឡាល ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម កំពុងរួមគ្នាអភិវឌ្ឍឧស្សាហកម្មអាហារហាឡាលនេះ ក្នុងគោលបំណងចាប់យកឱកាសទីផ្សារនៅក្នុងតំបន់ ក៏ដូចជាអាស៊ាន និងពិភពលោកផងដែរ ខណៈដែលប្រទេសមួយចំនួន នៅក្នុងអាស៊ានកំពុងដំណើរការទីផ្សារអាហារហាឡាលនេះយ៉ាងល្អប្រសើរ។
ទាក់ទិននឹងការជំរុញគ្រប់គ្រងអាហារហាឡាលឲ្យស្របតាមស្តង់ដារ លោក អូស្មាន់ ហាស្សាន់ បានថ្លែងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលយ៉ាងខ្លាំង និងមានវត្ថុធាតុដើមជាច្រើន ព្រមទាំងសម្បូរកម្លាំងពលកម្ម ដូច្នេះការបម្រើតាមសេចក្តីត្រូវការប្រភេទអាហារហាឡាលបច្ចុប្បន្ន មិនពិបាកនោះឡើយ។
លោកបន្តថា ជាក់ស្តែងនាប៉ុន្មានឆ្នាំមកនេះ សម្រាប់ការវិនិយោគឧស្សាហកម្មហាឡាល គឺមានទំហំជាទឹកប្រាក់ជិត ៣,០០០,០០០,០០០,០០០ដុល្លារអាមេរិក ក្នុងនោះសម្រាប់ការបម្រើលើវិស័យម្ហូបអាហារសុទ្ធ មានទំហំជាទឹកប្រាក់ជិត ១,០០០,០០០,០០០,០០០ដុល្លារអាមេរិក ផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងផលិតផលអាហារហាឡាលនេះ ប្រទេសថៃមានសហគ្រាសទាំងតូចទាំងធំជាង ៤ពាន់សហគ្រាស និងបាននាំចេញប្រភេទអាហារនេះ នៅក្នុងចំនួនទឹកប្រាក់ប្រហែលជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំណែកនៅប្រទេសម៉ាឡេស៊ីវិញ ការនាំចេញផលិតអាហារហាឡាលទៅកាន់ទីផ្សារពិភពលោក ក្នុងចំនួនទឹកប្រាក់ប្រមាណ ១១ពាន់លានដុល្លារអាមេរិក ផងដែរ៕