(ភ្នំពេញ)៖ នៅម៉ោង ៤ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងទទួលជួបសំណេះសំណាលការងារជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នាវិមានសន្តិភាព។ បន្ទាប់ពីជំនួបសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។

សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកមិញនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

បន្ទាប់ពីអញ្ជើញមកដល់ប្រទេសកម្ពុជា លោក ង្វៀន ហ៊្វូជុង បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា។

លោក ង្វៀន ហ៊្វូជុង ក៏បានចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញចូលថ្វាយបង្គសម្តេចសង្ឃទាំងពីរគណៈ គឺសម្តេចសង្ឃ ទេព វង្ស និងសម្តេចសង្ឃ ប៊ូ គ្រី។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក ង្វៀន ហ៊្វូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ នាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក កាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ កម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនោះ ក្រៅពីពិភាក្សាលើការរឹតចំណងមិត្តភាពហើយនោះ ក៏មានកិច្ចព្រមព្រៀង និងពិធីសារមួយចំនួនត្រូវបានចុះហត្ថលេខាផងដែរ។

ក្នុងដំណើរបំពេញទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមមកកម្ពុជានៅសប្តាហ៍ក្រោយនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកថាជាការបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរលង់រវាងប្រទេសទាំងពីរ ដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕