(កំពត)៖ ក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន១១នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបបាន និងដកហូតបានថ្នាំញៀនចំនួន១៧កញ្ចប់តូច និងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួន ដែលប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជការរង និងជាប្រធានមន្ទីរយុត្តិធម៌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ខៃ សម្ផស្ស នៅថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពតឲ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកបានកំណត់មុខ សញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្ម នៅក្នុងមូលដ្ឋានខាងលើនេះ ហើយលោកបានចាត់កម្លាំងតាមគោលដៅរហូតឈានទៅឃាត់ខ្លួន ក្រុមជនសង្ស័យទាំងនេះនៅកន្លែងកើតហេតុតែម្តង។
វត្តុតាងចាប់យកមាន៖ គ្រឿងញៀនម៉ាទឹកកកចំនួន១៧កញ្ចប់តូច មានទម្ងន់៧,៦០ក្រាមថ្លឹងទំាងសំបកថង់,រថយន្តកូរ៉ូឡា១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2B-4438 ម៉ូតូ៦គ្រឿង រួមមានទី១៖ ម៉ូតូម៉ាក AIR BLADE ពណ៌ស សេរី០១៤ អត់ស្លាកលេខ, ទី២៖ ម៉ូតូហ៊ីនណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1S-2636 ទី៣៖ ម៉ូតូ MSX បិតខ្មៅ ពាក់ស្លាកលេខកំពត1I-8997 ទី៤៖ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-2626 ទី៥៖ ម៉ូតូសេ១២៥ សេរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-0394 និងទី៦៖ ម៉ូតូ MSX ពណ៌សអត់ផ្លាក់លេខ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕