(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមបន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោត ជួបជាមួយតំណាង ក្រសួងមហាផ្ទៃហើយ។
ការអនុញ្ញាតឱ្យក្រុមបន្ទប់ស្ថានការណ៍ជួបជាមួយតំណាងក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមសង្គមស៊ីវិល ដែលជាអ្នករៀបចំបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតកន្លងមក បានដាក់ពាក្យស្នើសុំបកស្រាយពន្យល់អំពីបន្ទប់ស្ថានការណ៍ជូនដល់ក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ បានបញ្ជាក់បន្ថែមទៀតថា តំណាងក្រសួងមហាផ្ទៃ ដែលនឹងទទួលជួបន្ទប់ស្ថានការណ៍នេះ គឺដឹកនាំដោយលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងណា ជំនួបនេះនៅមិនទាន់កំណត់ពេលច្បាស់លាស់នៅឡើយទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ចេញលិខិតមួយ ដោយបង្គាប់ឱ្យអង្គការ COMFREL និង NICFEC បញ្ឈប់សកម្មភាពខុសច្បាប់របស់ «បន្ទប់ស្ថានការណ៍» និងត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លិខិតក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យតាមដានសកម្មភាពរបស់ក្រុមមួយឈ្មោះ «បន្ទប់ស្ថានការណ៍» ដែលបង្កើតឡើងដោយអង្គការសង្គមស៊ីវិលមួយចំនួន។ សម្តេចបានចាត់ទុកថា ក្រុមទាំងនោះបានធ្វើសកម្មភាព និងសេចក្តីថ្លែងការណ៍ ធ្វើឲ្យប៉ះពាល់ដល់រូបភាពការបោះឆ្នោតនៅកម្ពុជា៕