(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលបានយកឈ្មោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅបោកប្រាស់ជ្រើសរើសមនុស្សឲ្យចូលកងទ័ព ដែលត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកជំនុំជំរះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ហើយប្រធានក្រុមប្រឹក្សាជំនុំជំរះ បានសម្រេចយកថ្ងៃទី១៥ ខែសីហា នាពេលខាងមុខនេះ ដើម្បីប្រកាសសាលក្រម។
សូមរំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចចេញដីការបង្គាប់ ឲ្យយកជនសង័្សយទៅឃុំខ្លួននៅពន្ធនាគារ ព្រៃសរ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញាររង បានចោទប្រកាន់ជនសង្ស័យ ចំនួន៤បទល្មើស ដែលបទល្មើស ទី១៖បទឆបោក ទី២៖ក្លែងបន្លំឯកសារសាធារណៈ ទី៣៖កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត្តិ និងទី៤៖ប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់អាជ្ញាធរសាធារណៈ ជាមន្រ្តី ដែលអនុលោមទៅតាមមាត្រា៣៧៧, ៣៧៨, ៦៣៩, ៤៩០ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីទទួលបានព័ត៌មានសង្ស័យ ជាករណីបោកប្រាស់ជ្រើសរើស ឲ្យចូលទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំ របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទំរង់បទល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ចសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនឆបោកនេះត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ក្លែងឋានន្តរស័ក្តិ រចនាសម័ន្តកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត៕