បុរសម្នាក់ដែលបើករថយន្តបុករះបណ្តាលឲ្យស្លាប់៣នាក់ និងរបួស៨នាក់ នៅមហាវិថីមុនីវង្ស ក្នុងខណ្ឌចំការមន នៅថ្ងៃនេះតុលាការបន្តសួរនាំ
20-07-2017 14:31
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ លីនណា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ បន្តសាកសួរបុរសម្នាក់ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស៣នាក់ និង៨នាក់រងរបួសធ្ងន់ស្រាល នៅមហាវិថីមុនីវង្ស ក្នុងខណ្ឌចំការមន។ ទោះបីយ៉ាងណាលទ្ធផលនៃការសាកសួរនេះ ពុំត្រូវបានមន្រ្តីតុលាការបង្ហើបឲ្យដឹងនោះទេ។
ជនត្រូវចោទឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនត្រូវចោទត្រូវបានតុលាការចោទប្រកាន់ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្ស កែងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិសចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ បានបុករះម៉ូតូចំនួន០៧គ្រឿង កំពុងធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់ រងរបួសស្រាល៣នាក់ រថយន្តខូចខាតធ្ងន់ ម៉ូតូខូចខាតធ្ងន់០៦គ្រឿង និងខូចខាតស្រាល០១គ្រឿង៕