(ភ្នំពេញ)៖ បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងធ្វើការជំរុញលើកទឹកចិត្ត ចំពោះសិស្សធ្លាក់បាក់ឌុប ឬខ្វះលទ្ធភាព សិក្សាថ្នាក់បរិញ្ញាបត្រ ឲ្យបន្ដការសិក្សាជំនាញបច្ចេកទេសផ្សេងៗ ស្របពេលកម្ពុជា កំពុងមានតម្រូវការការងារដ៏ច្រើនសម្បូរបែបក្ដី ប៉ុន្ដែការសម្រេចចិត្តរបស់សិស្ស-និស្សិត បច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយ សម្រាប់ការចាប់យកការសិក្សា ជំនាញបច្ចេកទេស។

ទន្ទឹមជាមួយគ្នានេះ ដើម្បីរួមចំណែកជាមួយយុទ្ធសាស្ដ្រ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា, លោក ខាន់ លក្ខណៈ ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ISI STEEL បានបង្ហាញពីឱកាសការងារដ៏ច្រើន ចំពោះសិស្សធ្លាក់បាក់ឌុប ឬខ្វះលទ្ធភាព បន្ដការសិក្សា តាមរយៈការសិក្សាជំនាញបច្ចេកទេសផ្សេងៗ ពិសេសជំនាញក្នុងវិស័យឧស្សាហកម្ម ជំនាញវិស្វកម្មអគ្គិសនី វិស្វកម្មមេកានិក រួមទាំងជំនាញជាច្រើនទៀត ។

ថ្លែងក្នុងដំណើរទស្សនកិច្ច របស់និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអគ្គសិនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTI នៅក្រុមហ៊ុន ISI STEEL នាថ្ងៃទី២០ ខែកក្កដានេះ លោក ខាន់ លក្ខណៈ បានលើកឡើងថា សព្វថ្ងៃតម្រូវការងារផ្នែកបុគ្គលិកបច្ចេកទេស គឺមិនខ្វះឡើយ ខ្វះតែអ្នកសិក្សាជំនាញបច្ចេកទេសប៉ុណ្ណោះ ដោយសារពួកគេភាគច្រើនចាប់អារម្មណ៍រៀនតែផ្នែកណា ក្រោយបញ្ចប់ការសិក្សាទៅបាន ធ្វើការក្នុងម៉ាស៊ីនត្រជាក់ ។

លោកបន្ដថា «សិស្ស-និស្សិតរៀនផ្នែកបច្ចេកទេសបច្ចុប្បន្ន មានការកើនឡើងមែន តែមិនទាន់គ្រប់គ្រាន់នោះទេ ហើយខ្ញុំសូមលើកទឹកចិត្ត និងជំរុញឲ្យនិស្សិតសិក្សាផ្នែកបច្ចេកទេស ផ្ដោតឲ្យខ្លាំងលើជំនាញ។ ខ្ញុំនិយាយបែបនេះ ដោយសារខ្ញុំមើលឃើញការសិក្សាផ្នែក បច្ចេកទេស ឬជំនាញណាមួយ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់និស្សិត គ្រាដែលអាណាព្យាបាល ឬនិស្សិតភាគច្រើន បែរជាចាប់ អារម្មណ៍តែកន្លែងការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទៅវិញ»

លោក ខាន់ លក្ខណៈ បញ្ជាក់បន្ថែម «ចំពោះក្រុមហ៊ុនយើង យើងត្រូវការបុគ្គលិកច្រើនណាស់ ដោយក្នុងមួយខែៗ មិនក្រោម១០នាក់ទេ ។ យើងអត់ខ្វល់ពីធ្លាក់បាក់ឌុប ឬជាប់បាក់ឌុបអីទេ បើយើងមិនបានរៀនដល់ផ្នែកបរិញ្ញាបត្រ ឬបរិញ្ញាផ្នែកបច្ចេកទេសក្ដីក៏យើងមានវិទ្យាស្ថាន ផ្សេងៗ ដែលគេបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដែរ ។ ដូច្នេះខ្ញុំសូមឲ្យតម្លៃអ្នករៀនផ្នែកបច្ចេកទេសដូចគ្នា ព្រោះតម្រូវការទីផ្សារការងារ លើបុគ្គលិកផ្នែកជំនាញបច្ចេកទេសផ្សេងៗបច្ចុប្បន្ន គឺមានច្រើន បូករួមទាំងក្រុមហ៊ុន ISI Group ផងដែរ»

គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTI ខាងលើគឺមានរយៈពេល មួយព្រឹកពេញ ដោយមានសមាជិកចំនួន៦៨នាក់ចូលរួម ក្នុងនោះក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក កាំង សំណាង នាយកទីផ្សារក្រុមហ៊ុន ISI Group ផងដែរ ៕