(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពី៨ភូមិ ក្នុងសហគមន៍ទាំង៧បានលើកគ្នា មកប្រមូលផ្ដុំផ្ទុះការតវ៉ាមួយប្រាវ ដើម្បីយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ និងទាមទាការអភិវឌ្ឍន៍នៅនិងកន្លែងឲ្យបានឆាប់រហ័ស លើផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវដែក ឲ្យទៅជាផ្លូវបេតុង របស់អាជ្ញាធរមូលដ្ឋានខណ្ឌ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ។
តែការផ្ទុះការតវ៉ានេះដែរ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ចូលរួមដោះស្រាយភ្លាមៗទាន់ពេលវេលា ជាមួយប្រជាពលរដ្ឋ និងជួយផ្ដល់ទាំង រថយន្ដជូនដំណើរ ឲ្យតំណាង ប្រជាពលរដ្ឋចំនួន៧នាក់ ដើម្បីយកញត្តិទៅដាក់នៅសាលារាជធានី ជួយពន្លឿនការដោះស្រាយលើផល ប៉ះពាល់ ក្នុងការស្ថាបនាផ្លូវដែកឲ្យទៅជាផ្លូវបេតុងផងដែរ។
ការផ្ទុះការតវ៉ាទាមទាពន្លឿនការដោះស្រាយ លើផលប៉ះពាល់ផ្លូវដែកទាំងសង្ខាង ឲ្យទៅជាផ្លូវបេតុង និងដើម្បីយកញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ពីសំណាក់ប្រជាពលរដ្ឋនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចទល់មុខវត្ត ទួលសង្កែ ស្ថិតលើផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមប្រជាពលរដ្ឋរស់នៅ តាមបណ្ដោយផ្លូវដែកទាំងសង្ខាង បានលើកឡើងថា ការប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ានេះ គឺត្រូវបានធ្វើឡើងដើម្បី យកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ក្នុងបំណងសុំកិច្ចអន្តរាគមន៍ ពន្លឿនការដោះស្រាយមួយចំនួន ដោយយោងតាមស្មារតីនៃ អង្គប្រជុំមួយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ បានស្ដែងឲ្យដឹង ស្ដីពីការបើកការដ្ឋានរុះរើផ្លូវដែកចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រហូតមកដល់ផ្លូវលេខ៧០ និងផ្លូវលេខR៦ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោកនិងចាប់ផ្ដើម ធ្វើការឈូសឆាយស្ថាបនាទៅជាផ្លូវបេតុងឆ្អឹងដែក ដើម្បីសម្រួលទាំងការកកស្ទះចរាចរ រួមនិងលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំខាងលើ បានសង្កត់ធ្ងន់ថា សាលារាជធានីភ្នំពេញនឹងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្រក់ទឹកភ្នែកឡើយ ដោយដោះស្រាយ ផ្ដល់ដីជូនប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍន៍នៅនិងកន្លែង រួមនិងដោះស្រាយសំណងជូនប្រជាពលរដ្ឋឲ្យរួចរាល់ជាមុនសិន ទើបធ្វើការ ស្ថាបនាផ្លូវជាក្រោយ ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ ឈ្នះឈ្នះ ទាំងអស់គ្នា។
ប្រជាពលរដ្ឋមានសង្ឃឹម និងជឿជាក់លើ អភិបាលរាជធានីភ្នំពេញថ្មី គឺលោក ឃួង ស្រេង នឹងបន្តយកយន្ដការនៃការដោះស្រាយ លើផលប៉ះពាល់ធ្វើឲ្យប្រសើរ សុចរិតភាព តម្លាភាព និងមានការពិគ្រោះយោបល់ជាមួយអ្នករងផលប៉ះពាល់ ដែលជាភាគីពាក់ព័ន្ធ ចៀសវាង ភាពអសកម្មមួយចំនួន ដែលកើតឡើងដោយចេតនាក្ដី ឫអចេតនាក្ដី ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់គ្នាបានចូលរួម និងសហការដោះស្រាយជាមួយសាលារាជធានីភ្នំពេញ ជាគំរូ និងជាផលប្រយោជន៍រួមសម្រាប់ជាតិទាំងអស់គ្នា។
បើទោះជាយ៉ាងនេះក្ដី ដើម្បីជាការឆ្លើយតបឲ្យទាន់សភាពការណ៍ ទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ក្នុងការស្ថាបនាផ្លូវដែក ឲ្យទៅជាផ្លូវបេតុងនេះ អភិបាលរងខណ្ឌឫស្សីកែវ២រូប គឺលោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា តាមការណែនាំពីលោក ឃួង ស្រេង អាជ្ញាធរនឹងមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ ស្រក់ទឹកភ្នែកឡើយ ក្នុងការពន្លឿនការដោះស្រាយលើផលប៉ះពាល់ ដែលកំពុងប្រឈម ពិសេសក្នុងនាមអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ក៏ដូចជាសាលារាជធានីភ្នំពេញ ក៍មិនអាចអនុញាតិឲ្យប្រជាពលរដ្ឋ មានការដង្ហែរជាក្បួន ដើម្បីយកញត្តិទៅដាក់ នៅសាលារាជធានី ភ្នំពេញបានដែរ «ព្រោះការបង្កើតភាពចលាចល ភាពអនាធិប្បតេយ្យ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ» ហើយអាចប្រឈមបទល្មើសច្បាប់កើតឡើង។
អភិបាលរងខណ្ឌឫស្សីកែវទាំង២រូប បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមានការឯកភាពពីប្រជាពលរដ្ឋ និងដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌ សមស្រប តាមការជាក់ស្ដែងចំពោះមុខ លោកនិងសម្រេចស្នើសុំឆ្លងយោបល់ភ្លាមៗទៅលោក ឃួង ស្រេង រួមនិងជួយផ្ដល់ទាំង រថយន្ដដឹកជូនដំណើរផងដែរ ដើម្បីឲ្យតំណាងប្រជាពលរដ្ឋចំនួន៧នាក់ យកញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ក្នុងការបញ្ជៀសបាននូវភាពចលាចល ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងមិនអាចធ្វើឲ្យប្រជាពលរដ្ឋប្រឈម និងទោសទណ្ឌថែមទៀត បើនៅតែដូច្នេះ៕