(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន នៃអង្គការស្រឡាញ់ដើម្បីបើកវគ្គបណ្តុះបណ្តាល សង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន៤០នាក់ ដែលមកពីប្រាសាទនានា នៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។
វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅ លើវិធីសាស្ត្រនៃការសង្គ្រោះបឋមមនុស្ស គាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រី ភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសជាតិ និងអន្តរជាតិ។ ការងារសង្គ្រោះបឋមនេះជាការងារ បន្ថែមលើការងារស្នូល របស់ភ្នាក់ងារទេសចរណ៍ការងារនេះមានសារសំខាន់ សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ ក្នុងការជួយសង្គ្រោះដល់ ភ្ញៀវដែលជួបឧបទ្ទវហេតុណា មួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕