(ភ្នំពេញ)៖ លោក ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងថា ក្រសួងមហាផ្ទៃពិតជាមានការលំបាក ក្នុងការបង្កើនចំនួនស្រ្ដីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះតែមុខតំណែង រាល់ថ្ងៃនេះ ស្ថិតក្រោមការកាន់កាប់ដោយបុរសស្រាប់ ប៉ុន្ដែក្រសួងនឹងបន្ដការងារ ឲ្យគ្រប់ចំនួនតាមផែនការកំណត់។
ការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ដស្ដីពី ការបង្កើនចំនួនស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប។
លោក ង៉ាន់ ចំរើន បញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតជាក់ស្ដែងប្រហែលជាមានការលំបាកបន្ដិច ព្រោះយើងដឹងហើយថា បុរសភាគច្រើន គាត់នៅក្នុងមុខតំណែងស្រាប់ ឧទាហរណ៍ដូចនៅក្នុងមុខតំណែងរបស់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ហ្នឹង យើងមាន៥០០មុខតំណែង ហើយមកទល់លូវយើងមានប្រហែលជាង៤០មុខតំណែង គ្រប់គ្រងដែលមានស្រ្ដីកាន់កាប់ ស្មើនឹងប្រមាណ១២ភាគរយ ដែលខេត្តគ្រោង ធ្វើយ៉ាងណានៅឆ្នាំ២០១៨ ឲ្យបាន២០ភាគរយ»។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងដែរថា ចំនួនស្ដ្រីមកទល់បច្ចុប្បន្ននេះ ក្នុងនាមជាមន្ដ្រីរាជការស៊ីវិល មានប្រហែល៤០ ភាគរយ នៃចំនួនមន្ដ្រីរាជការស៊ីវិលទូទាំងប្រទេស ប៉ុន្ដែក្នុងតួនាទីជាអ្នកគ្រប់គ្រង ជាអ្នកធ្វើសេចក្ដីសម្រេចចិត្តនៅ ភាគរយតិចនៅឡើយ។
លោកបន្ថែមថា ចំនួនស្ដ្រីដែលជាអ្នកគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី-ខេត្តមានចំនួន១២ភាគរយ ហើយក្រុង-ស្រុកមាន ប្រហែល២១ភាគរយ ដែលក្នុងគម្រោងនៅឆ្នាំ២០១៨ខាងមុខនេះ តំណែងជាស្ដ្រីគ្រប់គ្រងនៅក្រុង-ស្រុក ត្រូវមានចាប់ពីប្រធាន ការិយាល័យ រហូតដល់អភិបាលតែម្ដង។
យ៉ាងណាមិញ លោកគួសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ក្នុងផែនការយុទ្ធសាស្ដ្របានកំណត់ថា ដើម្បីបង្កើនចំនួនស្ដ្រីក្នុង មុខតំណែងជាអ្នកគ្រប់គ្រង អាចពិចារណាទៅលើលទ្ធភាពចូលនិវត្តន៍របស់បុរស ដែលស្ថិតក្នុងមុខតំណែងជាថ្នាក់ដឹកនាំ។ លោកថា បើតាមទិន្នន័យរហូតទៅដល់ឆ្នាំ២០១៨ មុខតំណែងរបស់រាជធានី-ខេត្តប្រហែលជាង១០០មុខតំណែង នឹងត្រូវចូលនិវត្តន៍ដែលកាន់ កាប់ដោយបុរស ដូច្នេះបើមានចេតនាជំរុញការងារនេះ មុខតំណែងជាង១០០នោះ គឺទុកដាក់ស្ដ្រីតែម្ដង៕