(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខា ផែស្ងួតចុងទីភ្នំពេញ បានឲ្យមន្រ្តីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារហេងបេងជ្រី ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសាធាតុគីមី នៅក្នុងចំណីអាហារនៅក្នុងផ្សារ ដោយលទ្ធផលបានរកឃើញ សារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីដែលលាយគ្រឿងហើយ បានដកហូតសរុប៣,២គីឡូក្រាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានណែនាំក្រុមអាជីវករដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជះ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញនៅ ផ្សារហេងបេងជ្រី លទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងប្រហិតត្រីដែលលាយគ្រឿងហើយ បានដកហូតសរុបជាង ៣,២គីឡូក្រាម និងអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសាធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករ និងផ្អាកមិនអោយលក់បណ្តោះអាសន្ន ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយនឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជា ការពារសុខភាពរបស់ពួកគាត់ផងដែរ៕