(ព្រះសីហនុ)៖ កម្លាំងជំនាញផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Internet Online មួយកន្លែងស្ថិតនៅផ្ទះជួលក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។
ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដានេះថា ការចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង រហូតឈានទៅដល់ការឃាត់ខ្លួនជនជាតិចិន២នាក់ឈ្មោះ Su Yi Jiang អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ Lu Jie Bin អាយុ២៥ឆ្នាំ។
បើតាមលោកស្នងការ កម្លាំងនគរបាលរបស់លោក បានដកហូតបានវត្ថុតាងរួមមាន៖ Laptop ៣គ្រឿង, ស៊ីមកាតទូរស័ព្ទ៣គ្រឿង, Mouse កុំព្យូទ័រចំនួន៣, ទូរស័ព្ទ១០គ្រឿង ម៉ាក Iphone ៥, ម៉ូឌឹម ចំនួន៣, ដុំម៉ាស៊ីនសម្រាប់ផ្ទេរលុយ ប្រើជាមួយកុំព្យូទ័រចំនួន២, ដុំTP link ចំនួន៣, ដុំ ZTE ចំនួន១, ដុំ Sopto មួយចំនួន, ឆ្នាំងសាកទូរស័ព្ទមួយចំនួន, វិក័យប័ត្រពន្យាសុពលភាពលិខិត ឆ្លងដែន១សន្លឹក។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕