(ភ្នំពេញ)៖ ក្រោយបញ្ចប់សវនាការជាអសាធារណៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ សភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចបន្តឃុំខ្លួនអតីតសង្ឃ ហន សុផាន្នី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំទេ។ នេះបើតាមការបញ្ជាក់របស់លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News មុននេះបន្តិច ។
អតីតសង្ឃ ហន សុផាន្នី ត្រូវបានលោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ចំនួន២បទល្មើសគឺ បទកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តបាត់ដំបង បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃមួយអង្គ ព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួន លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយ លោក កឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីមានរបាយការណ៍ថា ព្រះសង្ឃអង្គនេះ ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់។
ព្រះសង្ឃខាងលើនេះ ត្រូវបានគេដឹងថា ជាសមាជិករបស់ បណ្តាញព្រះសង្ឃឯករាជ្យ ដែលបង្កើតឡើងដោយ ព្រះតេជគុណ ប៊ុត ប៊ុនទិញ៕