(ភ្នំពេញ)៖ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងមានជំនួបដាក់ដោយឡែកជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោង២៖៤៥នាទីរសៀល និងជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅម៉ោង៣៖៤៥នាទី រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ង្វៀន ហ៊្វូជុង បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧។
អំឡុងពេលមកដល់កម្ពុជា លោក ង្វៀន ហ៊្វូជុង ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា។ លោក ក៏ចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។
ក្រៅពីជួបជាមួយសម្តេច សាយ ឈុំ និង សម្តេច ហេង សំរិន រួចនោះ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។
ជាមួយគ្នានេះ លោក ង្វៀន ហ៊្វូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕