(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប សហការជាមួយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដស្ដីពី ការបង្កើនចំនួនស្ដ្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមវត្តមាន លោក ង៉ាន៉ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប, តំណាងក្រសួងកិច្ចការងារ, ថ្នាក់ដឹកនាំទាំង២៥រាជធានី-ខេត្ត, អង្គការសង្គមស៊ីវិល និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យ៉ាងណាមិញ គោលបំណងនៃការបង្កើនចំនួនស្ដ្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់គ.ជ.អ.ប ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការគ្រប់គ្រង ការអនុវត្តការងារ និងការសម្រេចចិត្តរបស់រដ្ឋបានថ្នាក់ក្រោមជាតិ ដោយការកើនឡើងចំនួនស្ដ្រីច្រើនក្នុងមុខតំណែងគ្រប់គ្រង។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ង៉ាន់ ចំរើន។
មួយវិញទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃការផ្ដល់សេវាសង្គម និងការអភិវឌ្ឍ ដោយស្ដ្រីមានទិន្នការច្រើនក្នុងការលើកកម្ពស់ស្ថានភាពស្ដ្រី កុមារ ក៏ដូចជាសុខុមាលភាពសង្គមទាំងមូល៕