(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នេះ នឹងបើកសវនាការរឿងក្ដីអតីតសង្ឃ ហន សុផាន្នី ដែលសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជូង ជូងី ។
អតីតសង្ឃ ហន សុផាន្នី ត្រូវបានលោក លី សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ចំនួន២បទល្មើសគឺ បទកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទញុះញង់ឲ្យប្រពឹ្រត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះចាប់ខ្លួន និងផ្សឹកព្រះសង្ឃមួយអង្គ តាមដីការបស់តុលាការបញ្ជាឲ្យចូលខ្លួនលេខ លេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក កឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង ពីបទធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ក្នុងវត្តដំរីស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ព្រះសង្ឃដែលបានឃាត់ខ្លួនតាមដីកាតុលាការនេះមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស ៕