(កោះកុង)៖ ក្រោយពីទទួលរងនូវឥទ្ធិពលគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ដែលបានបង្កឡើង ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧, លោកស្រី មិថុនា ភូថង នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្ទាក់ចំនួន០៣ភូមិ មាន២១គ្រួសារ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្ត ក៏មានការអមដំណើរដោយ លោក អន សុធារិទ្ធិ អភិបាលរងក្រុងខេមរភូមិន្ទ, លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងសមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុកមណ្ឌលសីមា ជាច្រើនរូបផងដែរ។
លោកស្រី មិថុនា ភូថង ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលជួបប្រទះទុក្ខលំបាក ជាពិសេសជនរងគ្រោះ ដោយមិនរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងស្របតាមពាក្យថា «ទីណាមានទុកលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយយ៉ាងសកម្មបំផុត»។
អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង២១គ្រួសារួមមាន៖ អង្ករ២៥គីឡូក្រាម, មី០១កេះ, ទឹកត្រី០៥លីត្រ, ទឹកបរិសុទ្ធ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ប្រេងឆា០៥លីត្រ, អាហារបំប៉ន០៥កញ្ចប់ និងត្រីខកំប៉ុង០១ឡូ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ។
ក្នុងនោះលោកស្រីអភិបាលខេត្ត បានឧបត្ថម្ភថវិកាបន្ថែម ក្នុងមួយគ្រួសារៗចំនួន ៥០,០០០រៀល ដើម្បីជួយសម្រួលទុក្ខលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕