(ភ្នំពេញ)៖ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលលើកយកមកជជែកពិភាក្សាយ៉ាងស៊ីជម្រៅក្នុងវេទិកាតុមូលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភានាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
វេទិកាជជែកវែកញែកពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនាព្រឹកមិញនេះ មានការចូលរួមពីតំណាងគណបក្ស នយោបាយកាន់អំណាច គណបក្សក្រៅរដ្ឋាភិបាល តែមិនមានវត្តមានតំណាងគណបក្សសង្រ្គោះជាតិនោះឡើយ។ ក្រៅពីគណបក្សនយោបាយ ក៏មាន តំណាងអង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកប្រវត្តិសាស្ត្រផងដែរ។
បើទោះបីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានគណបក្សសង្រ្គោះជាតិលើកឡើងថា ជាការធ្វើទុក្ខបុកម្មេញចំពោះគណបក្សរបស់ខ្លួន ជាពិសេសជាការបំបាត់សំឡេងលោក សម រង្ស៊ី ពីគណបក្សសង្រ្គោះជាតិយ៉ាងណាក៏ដោយនោះ តែក្រុមអ្នកស្រាវជ្រាវ និងអ្នកច្បាប់មិនបានមើលឃើញដូច្នោះឡើយ។ អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកច្បាប់ បានមើលឃើញថា ការធ្វើវិសោធនកម្ម ច្បាប់នេះ វាមិនមែនជាការដាក់កំហឹតសម្រាប់បុគ្គលនយោបាយណានោះទេ តែវាបានជួយមានការសម្រិតសម្រាំងរកភាពស្អាតស្អំសម្រាប់ បុគ្គលនយោបាយ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅក្នុងវេទិកានាព្រឹកមិញថា ការធ្វើវិសោធនកម្មថ្មីនៃច្បាប់ ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីរារាំងគណបក្សនយោបាយកុំឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់ទណ្ឌិត។
លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះ «គណបក្សនយោបាយណា ដែលស្ថិតក្រោមនយោបាយរបស់ទណ្ឌិត គណបក្សហ្នឹងនឹងត្រូវក្លាយទៅជានីតិបុគ្គលមួយ ដែលអាចធ្វើនយោបាយក្រៅច្បាប់ ឬ ក៏អាចធ្វើនយោបាយឧទ្ទាមនិយម។ នយោបាយឧទ្ទាមនិយមមានន័យថា ជានយោបាយក្រៅច្បាប់ជានយោបាយដែលផ្ទុយទៅនឹងក្របខណ្ឌនីតិរដ្ឋ។ ប្រជាធិបតេយ្យសេរី មិនមែនមនុស្សម្នានាំគ្នាបង្កើតឡើង ដើម្បីបង្កើតចលាចល ឬ ក៏សេរីភាពចលាចលបានទេ។ ប្រជាធិបតេយ្យសេរីពហុបក្ស ជាប្រជាធិបតេយ្យដែលស្ថិតនៅក្នុងសណ្តាប់ធ្នាប់ជាចាំបាច់»។
សម្រាប់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ ក៏មិនបានមើលឃើញថា ការធ្វើវិសោធនកម្មច្បាប់នេះ ជាការកៀបសង្កត់ លើបុគ្គលនយោបាយ ឬគណបក្សនយោបាយណាមួយនោះទេ។ ផ្ទុយទៅវិញ គឺជាការពង្រឹងនូវគុណសម្បត្តិ និងភាពស្អាតស្អំរបស់គណបក្សនយោបាយ កីដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយផងដែរ ព្រោះគណបក្សនយោបាយ និងបុគ្គលដឹកនាំនៃគណបក្សនយោបាយ គឺជាអ្នកកាច់ចង្កូតប្រទេសជាតិ។
លោក គឹម សន្តិភាព បានថ្លែងថា «ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ការពង្រឹងគុណសម្បត្តិ និងភាពស្អាតស្អំរបស់គណបក្សនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយ គឺជាភាពចាំបាច់ ព្រោះយើងឃើញថា គណបក្សនយោបាយនេះ នឹងក្លាយជាអ្នកកាន់ចង្កូតដឹកនាំប្រទេសទៅថ្ងៃអនាគត ហើយគណបក្សនយោបាយនេះ គឺត្រូវតែមានភាពស្អាតស្អំ ដើម្បីទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋដែលលោកបោះឆ្នោតគាំទ្រ។ ដូច្នេះហើយជាលក្ខខណ្ឌចាំបាច់ គឺការពង្រឹងនូវភាពស្អាតស្អំ របស់គណបក្សនយោបាយ ការពង្រឹងនូវបុគ្គលដែលជាថ្នាក់ដឹកនាំគណបក្សនយោបាយ គឺជាការពង្រឹងនូវការអនុវត្តន៍របបប្រជាធិបតេយ្យនៅកម្ពុជា ដោយធ្វើដំណើរទៅលើផ្លូវប្រកបដោយស្ថិរភាព និងសុវត្ថិភាព»។
លោក សុខ ទូច អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានយល់ឃើញថា ការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះ បានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជារឿងល្អសម្រាប់កម្ពុជាផង ដែរ ព្រោះការប្រើច្បាប់វាមិនគ្រោះថ្នាក់សម្រាប់ជាតិដូចការប្រើកម្លាំងនោះឡើយ។
លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះ «នៅពេលអ្នកនយោបាយប្រើប្រាស់ច្បាប់ មានន័យថា អ្នកនយោបាយមានភាពចាស់ទុំហើយ កាលណាអ្នកនយោបាយប្រើច្បាប់គ្រោះថ្នាក់សម្រាប់តែអ្នកនយោបាយប្រព្រឹត្តខុសទេ។ តែប្រសិនបើអ្នកនយោបាយប្រើកម្លាំង បទពិសោធន៍នៅកម្ពុជា ខ្ញុំមិនបាច់ឲ្យមើលមជ្ឈិមបូព៌ា មើលអាមេរិក មើលរុស្ស៊ី មិនបាច់ឲ្យមើលសង្រ្គាមលោកលើកទី២ទេ យើងមើលតែអ្វី ដែលកើតនៅក្នុងប្រទេសកម្ពុជា នៅពេលដែលអ្នកនយោបាយប្រើកម្លាំង គឺអ្វីទៅ? ការបង្ហូរឈាម ការបាត់បង់បូរណភាពទឹកដី ការបាត់បង់នូវនយោបាយការទូត ការបាត់បង់អ្វីជាក្រុមគ្រួសារនៃក្តីសុខ។ អ៊ីចឹងបើអ្នកនយោបាយប្រើកម្លាំងច្បាប់ មានន័យថា អ្នកនយោបាយកំពុងមានភាពចាស់ទុំហើយ»។
តែសម្រាប់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានមើលឃើញថា ការតាក់តែងច្បាប់ និងការរឹតបន្តឹងផ្នែកច្បាប់វាជារឿងល្អ សម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងជានីតិរដ្ឋ។ តែលោក សួន សេរីរដ្ឋា ចង់ឃើញច្បាប់ដែលបានធ្វើឡើងត្រូវបានអនុវត្តន៍ដោយស្មើភាពគ្រប់គណបក្សនយោបាយ និងបុគ្គលនយោបាយ។
ដោយឡែកលោក សាម ស៊ុនឌឿន តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយនេះ មិនសំខាន់ដូចការតាក់តែងច្បាប់ និងការគិតគូរពីបញ្ហាប្រឈមលើបញ្ហាតម្លៃកសិផលរបស់កសិករនោះទេ។
ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺជាការលើកស្ទួយសណ្តាប់ធ្នាប់នៃរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សក្នុងបរិបទបម្រើផលប្រយោជន៍នៃការថែរក្សាសន្តិភាពស្ថេរភាពនយោបាយ និងឯកភាពជាតិ។
អ្នកស្រាវជ្រាវបញ្ហាសង្គមម្នាក់ទៀត គឺលោក ស៊ុ ឈុំប៊ុន មិនបានសម្តែងការភ្ញាក់ផ្អើលឡើយសម្រាប់ការធ្វើវិសោធនកម្មស្តីពីគណបក្សនយោបាយនេះ។ លោក ស៊ុ ឈុំប៊ុន ថា លោកធ្លាប់បានទៅបំពេញទស្សនកិច្ចនៅវិមានរដ្ឋរបស់ចិន និងសេតវិមានរបស់អាមេរិកផងនោះ គឺបានមើលឃើញថា ប្រទេសទាំងពីរនេះ តែងបានធ្វើច្បាប់ និងវិសោធនកម្មច្បាប់ជាច្រើនដង ដើម្បីជាប្រយោជន៍សម្រាប់ជាតិរបស់ពួកគេ។
សូមបញ្ជាក់ថា តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀត ដោយកែប្រែមាត្រាចំនួន ៥មាត្រា រួមមាន៖ មាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (ស្ទួន)។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវយល់ព្រមដោយចំហរ ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ។
សំណើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១០ ខែកក្កដា ហើយព្រឹទ្ធសភា បានអនុម័តនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ។ នៅពេលសំណើវិសោធនកម្មនេះចូលជាធរមាន គណបក្សនយោបាយណាដែលបន្តទាក់ ទងជាមួយទណ្ឌិតទោះបីដោយចំហរ និងសម្ងាត់ក៏ដោយ សុទ្ធតែប្រឈមមុខជាមួយច្បាប់ក្នុងការផ្អាកសកម្មភាព ៥ឆ្នាំ និងអាចឈានដល់ការរំលាយបក្សផងដែរ។
បើទោះបីច្បាប់នេះមានវិសាលភាពគ្រប់ដណ្តប់គ្រប់គណបក្សនយោបាយកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែវាត្រូវបានគេមើលឃើញថា នឹងក្លាយជាកំបិតដ៏សែនមុតសម្រាប់គណបក្សសង្រ្គោះជាតិ ឲ្យកាត់ផ្តាច់ទំនាក់ទំនង ពីអតីតប្រធានគណបក្សចាស់ គឺលោក សម រង្ស៊ី ដែលបានក្លាយជាទណ្ឌិតក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
ច្បាប់ថ្មីនេះមិនត្រឹមតែមិនឲ្យអតីតមេបក្សប្រឆាំង ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់លែងមានទំនាក់ទំនងជាមួយ គណបក្សសង្រ្គោះជាតិនោះទេ តែវាក៏នឹងធ្វើឲ្យគណបក្សទទួលបន្ទុកចំណាយកាន់តែធំថែមទៀតក្នុងការផ្លាស់ប្តូរស្លាក គណបក្សចាស់នៅទូទាំងប្រទេស ដែលមានរូបលោក សម រង្ស៊ី ឈរកាន់ដៃជាមួយរូបលោក កឹម សុខា៕