(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈជាច្រើន ដូចជា ករណីពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាល រវាងឃុំសែនដី ស្រុកសំរោងទង និងឃុំពេជ្យមុនី ស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ។
ការពិនិត្យដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន HLH Agriculture (Cambodia) Co.Ltd ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ និងក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឃុំត្រពាំងជោ ឃុំសង្កែសាទប និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។
ជាលទ្ធផល លោកអភិបាលខេត្តបានឲ្យគូភាគីទាំងសង្ខាង ពិនិត្យឡើងវិញនូវច្បាប់គ្រប់គ្រងរាជធានីខេត្ត និងត្រូវអនុវត្តទៅតាមផែនទីរបស់ក្រសួងមហាផ្ទៃ។
ដោយឡែក លោកក៏បានជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក សហការជាមួយក្រុមហ៊ុនទាំងពីរ ត្រូវប្រមូលបញ្ជីរាយនាមពីគ្រួសារណា ដែលបានដោះស្រាយរួច គ្រួសារណាដែលមិនទាន់បានដោះស្រាយរួច ដើម្បីជាមូលដ្ឋានផ្ញើទៅថ្នាក់ជាតិសិក្សាដោះស្រាយជាបន្ទាន់។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីនេះ ជាបញ្ហាសំខាន់ ដូច្នេះភាគីដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់៕