(ភ្នំពេញ)៖ វាគ្មិនដែលបានចូលរួមជជែកពិភាក្សាក្នុងវេទិកាតុមូលលើការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ បានសម្តែងការសោកស្តាយជាខ្លាំង ដែលគណបក្សសង្រ្គោះជាតិ (CNRP) ជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មិនបានបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមជជែកដេញដោលនៅក្នុងវេទិកាជជែកពិភាក្សានេះ ព្រមទាំងបានផ្តាំទៅគណបក្សសង្រ្គោះជាតិ កុំឲ្យខ្លាំងតែជាមួយវេទិការបស់វិទ្យុអន្តរជាតិ ឬកាន់ក្បាលមេក្រូតែម្នាក់ឯងនោះ។
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាតុមូលមួយជជែកពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយបានអញ្ជើញតំណាងគណបក្សនយោបាយ អ្នកច្បាប់ អង្គការសង្គមស៊ីវិល អ្នកប្រវត្តិសាស្រ្ត និងអ្នកស្រាវជ្រាវបញ្ហាសង្គមផងដែរ។ ក្នុងវេទិកានាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សអំណាចខ្មែរ ដោយឡែកគណបក្សសង្រ្គោះជាតិ មិនមានបញ្ជូនអ្នកតំណាងចូលរួមនោះទេ បើទោះបីមានការអញ្ជើញជាច្រើនដងពីអ្នករៀបចំកម្មវិធីក៏ដោយនោះ។
បើតាមលោក គិន ភា អ្នកសម្របសម្រួលកម្មវិធី បានថ្លែងថា ការមិនមានបញ្ជូនអ្នកតំណាងឲ្យចូលរួមក្នុងវេទិកានាព្រឹកមិញ គឺមិនមែនជាលើកទី១នោះឡើយ សម្រាប់គណបក្សសង្រ្គោះជាតិ។ បើតាមលោក គិន ភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់អញ្ជើញចូលរួមកម្មវិធីតស៊ូមតិបែបនេះជាច្រើនដងមកហើយ តែគណបក្សសង្រ្គោះជាតិមិនដែលបញ្ជូនអ្នកចូលរួមនោះទេ។
លោក គិន ភា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការគ្មានវត្តមានរបស់តំណាងគណបក្សសង្រ្គោះជាតិក្នុងវេទិកាជជែកដេញដោលលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ព្រោះគណបក្សសង្រ្គោះជាតិ គឺជាអ្នកដែលមានប្រតិកម្មខ្លាំងជាងគេចំពោះការធ្វើវិសោធនកម្មច្បាប់មួយនេះ។
លោក សាម ស៊ុនឌឿន មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា វេទិកានាព្រឹកមិញនេះ គឺវេទិកាដេញដោល និងតស៊ូមតិដ៏ល្អមួយ តែលោកសោកស្តាយ ដែលគណបក្សនយោបាយខ្លះមិនបានចូលរួម ទោះបីមានការអញ្ជើញ។
លោក សុខ ទូច ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងចំអកឲ្យគណបក្សសង្រ្គោះជាតិថា ការមិនព្រមដើរចូលដំបូលរដ្ឋសភារបស់គណបក្សសង្រ្គោះជាតិ វាជាទម្លាប់មួយទៅហើយរបស់គណបក្សសង្រ្គោះជាតិ តែពេលនេះសូម្បីតែអ្នកស្រាវជ្រាវ និងជាអ្នកវិទ្យាសាស្រ្ត អញ្ជើញចូលរួមតស៊ូមតិ ក៏មិនគណបក្សនេះមិនចូលរួមផងដែរ។
លោក សុខ ទូច បានផ្តាំទៅគណបក្សប្រឆាំងមួយនេះថា កុំឲ្យខ្លាំងតែម្នាក់ឯងជាមួយវិទ្យុបរទេស បើពិតជាខ្លាំងមែនត្រូវហ៊ានចូលរួមក្នុងវេទិកាតស៊ូមតិដោយស្មើភាព និងដោយបើកចំហរ ដើម្បីប្រជាពលរដ្ឋបានវាយតម្លៃ។ លោក សុខ ទូច ក៏បានស្នើឲ្យប្រជាពលរដ្ឋកត់សម្គាល់ពីការមិនចូលរួមក្នុងវេទិកាតស៊ូមតិរបស់គណបក្សសង្រ្គោះជាតិនេះផងដែរ៕