(ភ្នំពេញ)៖ ឧកញ៉ាសុខ ហេង និងបក្ខពួកប្រមាណ៥-៦នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះទៅឃាត់ខ្លួនជាក់ស្ដែង ខណៈកំពុងធ្វើសកម្មភាពបោះបង្គោលរំលោភបំពានយកដីអ្នកដ៏ទៃ។
ការឃាត់ខ្លួនជាក់ស្ដែងនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើទីតាំងដីប្រជាពលរដ្ឋមួយកន្លែងនៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បន្ទាប់ពីម្ចាស់ដីប្ដឹងសុំការអន្តរាគមន៏ទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅព្រលប់ថ្ងៃដដែលនេះថា កម្លាំងរបស់លោកពិតជាបានធ្វើការឃាត់ខ្លួនឧកញ៉ាសុខ ហេង និងបក្ខពួកប្រាកដមែន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាម្ចាស់ដី។ បច្ចុប្បន្ន ឧកញ៉ា សុខ ហេង និងបក្ខពួកកំពុងត្រូវបានសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅឡើយទេ។
តាមអ្នកដឹងរឿងបានបង្ហើបថាករណីឧកញ៉ា សុខ ហេង ក្លែងឯកសាររំលោភបំពានយកដីគេនេះ មិនមែនមានតែមួយករណីនេះទេ គឺមានជាច្រើនករណីដែលបច្ចុប្បន្នជនរងគ្រោះកំពុងដាក់ពាក្យបណ្ដឹងនៅតុលាការដើម្បីរកយុត្តិធម៌។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា មន្ត្រីអាវុធហត្ថពិតជាធ្វើការឃាត់ខ្លួនមនុស្ស៧នាក់មែន ដែលបច្ចុប្បន្នកំពុងសាកសួរនៅឡើយ តែការឃាត់ខ្លួននេះ មិនមែនធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួននោះទេ គឺជាបទល្មើសជាក់ស្ដែង៕
រូបកាន់ដបទឹកសុទ្ធគឺឧកញ៉ាសុខ ហេង ខណៈមន្ត្រីអាវុធហត្ថចុះទៅឃាត់ខ្លួនជាក់ស្ដែង